(កំពង់ចាម)៖ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានណែនាំដល់មេឃុំ ក្រុមប្រឹក្សាឃុំ ដែលទើបជាប់ឆ្នោត និងក្រុមយុវជនសកម្មរបស់គណបក្សប្រជាជនកម្ពុជា ធ្វើការផ្តល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកតាមរយៈទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងបច្ចេកវិទ្យា ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាប្រចាំ និងអនុវត្តន៍ឱ្យបានល្អ ដើម្បីចូលរួមទប់ស្កាត់បទល្មើសផ្សេងៗដែលកើតមានក្នុងសហគមន៍ព្រមទាំងរៀបចំផែនការបន្តទៀត ដើម្បីអភវិឌ្ឍន៍ កិច្ចការភូមិ ឃុំ ឱ្យមានការរីកចម្រើនឱ្យមានសុខសន្ថិភាព សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋនៅក្នុងភូមិ និងឃុំផងដែរ។
ការណែនាំបែបនេះរបស់ឧកញ៉ា ឡូវ ហ៉ឹង បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋមេឃុំ ក្រុមប្រឹក្សាឃុំ និងក្រុមយុវជនសកម្មរបស់គណបក្សប្រជាជនកម្ពុជា ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ។
នាឱកាសនោះដែរ ក្រុមយុវជនសកម្មរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងនូវការថ្លែងអំណរគុណនូវទឹកចិត្តដ៏ល្អដល់ឧកញ៉ា ឡូវ ហ៉ឹង និងលោកជំទាវ ដែលបានឧបត្ថម្ភ ទូរស័ព្ទ Smart Phone ចំនួន ១១គ្រឿង ដល់ក្រុមយុវជន សកម្មឃុំទងត្រឡាច សម្រាប់បំពេញភារកិច្ចផ្សេងៗ។
ឧកញ៉ា ឡូវ ហ៉ឹង បានរំលេចអំពីដំណើរដ៏វែងឆ្ងាយ នៃការសម្រេចបាននូវភាពជោគជ័យដ៏ធំធេងនេះ គឺពិតជាកើតឡើងដោយសារយើងទាំងអស់គ្នាបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមសហការបំពេញកាតព្វកិច្ចជាមន្រ្តី បម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចុះផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍជាតិ គោលនយោបាយគណបក្ស គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវ សាលារៀន មណ្ឌលសុខភាព រួមទាំងវិស័យពុទ្ធចក្រផងដែរ។ល។
ឧកញ៉ា ឡូវ ហ៉ឹង ក៏បានក្រើនរំលឹកថា ជាមួយនឹងជ័យជម្នះដែលយើងកំពុងចូលរួមអបអរសាទរ យើងក៏មិនត្រូវទ្វេសប្រហែស ឬមួយអសកម្ម ដែលឈានទៅដល់ការបណ្តែតបណ្តោយ ជាមួយមោទនភាពជ្រុល និងមិនយកចិត្តទុកដាក់ការងារនៅមូលដ្ឋាននោះឡើយផ្ទុយទៅវិញ គឺយើងត្រូវតែបន្តយកចិត្តទុកដាក់ការអំពើល្អ ជាមួយនឹងការផ្តល់សេវាឱ្យកាន់តែប្រសើរ កាន់តែសកម្ម មុតស្រួច និងស៊ីជម្រៅថែមទៀត ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីបន្តអនុវត្តផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ នៅឆ្នាំ២០២៣៕