(ភ្នំពេញ)៖ អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅឌុច បានថ្លែងនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០១៦ អំឡុងពេលស្តាប់សក្ខីកម្មក្នុង សំណុំរឿង ០០២/០២ថា កាលដែលជនជាប់ចោទ នួន ជា អះអាងថា លោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរស-២១ គឺខុសទាំងស្រុង និងគ្មានន័យឡើយ។

ការថ្លែងបែបនេះរបស់ឌុច ដើម្បីឆ្លើយតបទៅនឹងសំណួររបស់សហព្រះរាជអាជ្ញារងអន្តរជាតិ សាលី សាក់ដែលស្នើសុំឱ្យ ឌុច ឆ្លើយតបនឹងការលើកឡើងរបស់ ជនជាប់ចោទ នួន ជា កាលពីបួនឆ្នាំមុនថា លោកមិនដែលទទួលខុសត្រូវចំពោះដំណើរការនៅមន្ទីរ ស-២១ នោះឡើយ អ្វីដែលឌុចបានចោទប្រកាន់មកលោកគឺជារឿង មិនពិតប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់លោក នួន ជា។ នួន ជា អះអាងថា លោកមិនដែលបញ្ជា មិនដែលបានទទួលឯកសារពីឌុចឡើយ ហើយលោកក៏មិនដែលជាមេដឹកនាំ របស់ ឌុច ដែរ។

ឌុច បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលឌុចបានចោទប្រកាន់មកខ្ញុំគឺជារឿង មិនពិតប្រាកដ និងជារឿងអយុត្តិធម៌បំផុតសម្រាប់ខ្ញុំ។ ខ្ញុំមិនដែលបញ្ជា ខ្ញុំមិនដែលបានទទួលឯកសារពីឌុចឡើយ ហើយខ្ញុំក៏មិនដែលជាមេដឹកនាំរបស់ឌុចដែរ។ ការបដិសេធរបស់ពូនួន (នួន ជា) ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន។ ខ្ញុំមិនស្មានថាដល់អីចឹងសោះ។ មន្ទីរស-២១ ក៏ដូចជាមន្ទីរនគរបាលទាំងអស់ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា វាស្ថិតនៅក្រោមការដឹកនាំ និងការបញ្ជារបស់បក្សកុម្មុយនិស្តកម្ពុជា។ គោលនយោបាយរបស់បក្សកុម្មុយនិស្តកម្ពុជា ថាខ្មាំងត្រូវតែកម្ទេច វាចេញនៅឆ្នាំ១៩៧១ នៅក្នុង មហាសន្និបាតលើកទី៤របស់បក្ស។ នៅក្នុងមហាសន្និបាតនោះហើយ ដែលគេចាត់តាំងខ្ញុំ ឱ្យធ្វើជាប្រធានមន្ទីរសន្តិសុខភូមិភាគពិសេស ដែលស្ថិតនៅក្រោមការដឹកនាំផ្ទាល់ របស់សាមជិកមជ្ឈិមម្នាក់ គឺវន វេត ដែលជាសមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស។ នៅក្នុងបក្សកុម្មុយនិស្តកម្ពុជា នរណាមិនគោរពបក្ស នរណាធ្វើការងារដោយគ្មានលេខា និងអនុលេខាបក្សសម្រេច? ដូច្នេះការបដិសេធរបស់ពូ នួន គឺគ្មានន័យឡើយ»

ទាក់ទងនឹងការចូលរួមទូទៅរបស់ នួន ជា ត្រូវបានឌុចបញ្ជាក់ថា រចនាសម្ព័ន្ធចាត់តាំងរបស់មជ្ឈិមបក្ស គឺ នួន ជា មានតួនាទីជាអនុលេខាធិការមជ្ឈិមបក្សផង ហើយជាសមាជិក ការិយាល័យមជ្ឈិមបក្ស ឬការិយាល័យ ៨៧០។ ការិយាល័យ ៨៧០នេះ រួមមាន ប៉ុល ពត នួន ជា អៀង សារី សុន សេន វន វ៉េត និងខៀវ សំផន។ ឌុច បានបន្ថែមថា បើទោះបីជាពីឆ្នាំ១៩៧៥ ដល់ឆ្នាំ ១៩៧៧ លោកមិនបានជួបដោយផ្ទាល់ជាមួយ នួន ជា ក៏ដោយ តែតាមរយៈ សុន សេន មានការលើកឡើងពីតួនាទីរបស់គណៈមជ្ឈិម ការិយាល័យ ៨៧០ និងបញ្ជាក់ថាមុននឹងធ្វើ អ្វីមួយ សុន សេន ត្រូវស្នើសុំយោបល់ពីប៉ុល ពត និងនួន ជា លេខា និងអនុលេខាបក្សកុម្មុយនិស្តជាមុនសិន។

ឌុចបានបញ្ជាក់ប្រាប់អង្គជំនុំជម្រះថា យោងតាមឯកសារបក្ស គេបាននិយាយពីរបបប្រធានពីរ ដែលត្រូវដឹងទាំងអស់គ្នា ប្រសិនបើមួយមិននៅមួយទៀតអាច ចាត់ការបាន។ សាក្សីបានបញ្ជាក់ថា ក្រោយពីថ្ងៃទី១៥ សីហា ឆ្នាំ ១៩៧៧ នៅពេល សុន សេន ទទួលបញ្ជាឱ្យទៅសមរភូមិ លោកបានធ្វើការងារផ្ទាល់ ជាមួយ នួន ជា។ ឌុចបានថ្លែង ថាមន្ទីរស-២១ ត្រូវបានគេស្គាល់ថាជាមន្ទីរនគរបាលមជ្ឈិមព្រោះមន្ទីរនេះ ទទួលបានការណែនាំ បញ្ជាគណៈអចិន្ត្រៃយ៍មជ្ឈិមបក្ស ឬការិយាល័យនយោបាយមជ្ឈិម/មន្ទីរ ៨៧០។

ទាក់ទងនឹងការកោះហៅឌុចឡើងមកផ្តល់សក្ខីកម្មនេះ ត្រូវបានលោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា ឱ្យដឹងថា ធ្វើឡើងក្នុងក្របខណ្ឌនៃការជំនុំជម្រះក្តី ក្នុងសំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន នៅក្នុងប្រធានបទទីបួនទាក់ទងនឹងមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុង ជាពិសេសគឺពាក់ព័ន្ធនឹងមន្ទីរសន្តិសុខស-២១។ អង្គជំនុំជម្រះសាលាដំបូង បានត្រៀមរយៈពេល០៩ ថ្ងៃដើម្បីសាកសួរទៅលើសាក្សីរូបនេះ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា នេះគឺជាលើកទី២ ហើយដែល កាំង ហ្កេកអ៊ាវ ត្រូវបានបង្ហាញខ្លួន ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២ ប្រឆាំងនឹង នួន ជា និង ខៀវ សំផន។ គាត់បានបង្ហាញខ្លួនលើកទី១ ក្នុងនាមជាសាក្សីក្នុងសំណុំរឿង ០០២/០១ នៅអំឡុងខែ មីនា និង ខែមេសា ឆ្នាំ ២០១២។ កាំង ហ្កេកអ៊ាវ គឺជាជនជាប់ចោទទី១ ដែលត្រូវបានវិនិច្ឆ័យសេចក្តីនៅចំពោះមុខ អ.វ.ត.ក។ នៅថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ អង្គជំនុំជម្រះតុលាការកំពូល នៃ អ.វ.ត.ក បានសម្រេចតម្កល់ពិរុទ្ធភាពរបស់គាត់ សម្រាប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ ១៩៤៩ ហើយបានសម្រេចបង្កើនការផ្តន្ទាទោសគាត់ ដោយដាក់ពន្ធនាគារអស់មួយជីវិត។

ចាប់តាំងពីដំណើរការសវនាការលើសំណុំរឿង ០០២/០២ នៅខែ តុលា ឆ្នាំ ២០១៤ មក អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្ម សាក្សីចំនួន ៨៥ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន៣៩រូប និងអ្នកជំនាញចំនួន ៣រូប សម្រាប់សវនាការចំនួន ១៨៩ ថ្ងៃ។ បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូងបញ្ចប់សវនាការ ស្តីពីមន្ទីរសន្តិសុខ និងការបោសសម្អាតផ្ទៃក្នុងរួចហើយ ប្រធានបទបន្ទាប់ (ប្រធានបទទីប្រាំ) នៃសវនាការ គឺពាក់ព័ន្ធនឹងការចោទប្រកាន់អំពី ការរៀបការដោយបង្ខំនៅក្រោមរបបខ្មែរក្រហម។ បន្ទាប់ពីចប់ប្រធានបទក្រោយនេះ អង្គជំនុំជម្រះសាលាដំបូង នឹងធ្វើសវនាការស្តីពីជម្លោះប្រដាប់អាវុធរវាង ប្រទេសកម្ពុជាជាមួយនឹងប្រទេសវៀតណាម ហើយចុងក្រោយបំផុត នឹងងាកមកផ្តោតលើតួនាទីរបស់ នួន ជា និង ខៀវ សំផន។ អង្គជំនុំជម្រះរំពឹងថា សវនាការពិភាក្សាដេញដោលលើភ័ស្តុតាង នឹងបញ្ចប់នៅចុងឆ្នាំនេះ ហើយសាលក្រមនឹងប្រកាស នៅក្នុងឆ្នាំ២០១៧៕