(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ បានបើកដំណើរការ កម្មវិធីបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ក្រោមអធិបតីភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
កម្មវិធីនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣ ដលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ស្អែកនេះ នៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព ដោយមានវត្តមានរបស់ក្រុមសិល្បករល្ខោនបាសាក់ជាច្រើន ដែលមកពីបណ្តារាជធានី-ខេត្ត ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាពរបស់ខ្លួនលើវិធីសាស្ត្រនៃការដឹកនាំរឿង, សិល្ប៍វិធីនៃការតាក់តែងនិពន្ធ និងសមត្ថភាពនៃការសម្តែង។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងថែររក្សា ការពារ និងលើកស្ទួយសិល្បៈ ល្ខោនបាសាក់ ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។
ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានថ្លែងនូវការកោតសសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន សប្បុរសជន ដៃគូអភិវឌ្ឍ និងវិស័យឯកជន ដែលបានចូលរួមយ៉ាងជិតស្និត និងឧបត្ថម្ភគាំទ្រកន្លងមក ដែលនេះគឺជាការចូលរួមយ៉ាងសកម្មដើម្បីជួយគាំទ្រ លើកស្ទួយ វិស័យសិល្បៈទស្សនីយភាព ពិសេសល្ខោនបាសាក់ ឱ្យចាប់ផ្តើមមានសកម្មភាពឡើងវិញ។
លោកស្រីរដ្ឋមន្ត្រី បានបន្តថា «ក្រោមការខិតខំ និងយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាសេនាធិកា ខ្ញុំសូមចាត់ទុកថា “មហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២” នាពេលនេះ មិនត្រឹមតែជាវេទិកាសម្រាប់ការបញ្ចេញនូវសមត្ថភាព និងទេពកោសល្យរបស់ក្រុមនីមួយៗតែប៉ុណ្ណោះទេ ប៉ុន្តែនេះគឺជាពេលវេលាមួយដ៏សំខាន់សម្រាប់សិល្បករទាំងក្នុង និងក្រៅប្រព័ន្ធ មានឱកាសបានជួបជុំគ្នា និងផ្លាស់ប្តូរនូវបទពិសោធន៍ថ្មីៗរវាងគ្នានិងគ្នា។ បន្ថែមអំពីនេះ ខ្ញុំជឿជាក់ថា នេះគឺវេទិកាមួយដ៏សំខាន់សម្រាប់ផ្សព្វផ្សាយជូនទៅដល់មហាជនគ្រប់ស្រទាប់ថ្នាក់បានទស្សនា និងស្វែងយល់បន្តិចម្តងៗអំពីទម្រង់សិល្បៈខ្មែរជាច្រើន ដែលទាមទារឱ្យមានការចូលរួមយកចិត្តទុកដាក់ ថែរក្សាការពារ និងលើកស្ទួយ»។
បើតាមលោកស្រី ភឿង សកុណា សម្រាប់ជាទិសដៅការងារទៅមុខ ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃវិស័យសិល្បៈទស្សនីយភាពនៅកម្ពុជា ក្នុងនាមជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពវប្បធម៌ ក្នុងគោលបំណងថែរក្សា និងលើកស្ទួយសិល្បៈល្ខោនបាសាក់។ ជាពិសេស ការបង្កើតឱ្យមានមហោស្រព ឬព្រឹត្តិការណ៍វប្បធម៌នានា គឺជាការផ្សព្វផ្សាយ និងផ្តល់ ឱកាសដល់សហគមន៍ យុវជន យុវនារី ដើម្បីចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សាការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប»៕
ល្ខោនបាសាក់ មានឈ្មោះដើមជាល្ខោនទ្រើងឃ្លោក មានកំណើតនៅដែនដីកម្ពុជាក្រោម ក្នុងស្រុកបាសក់ ខេត្តព្រះត្រពាំង។ នៅអំឡុងទសវត្សឆ្នាំ១៩៣០ ល្ខោនទ្រើងឃ្លោក ត្រូវបានយកមកសម្តែងនៅទីក្រុងភ្នំពេញ និងបណ្តាខេត្តមួយចំនួនតាមដងទន្លេបាសាក់ហើយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដោយដំបូងគេហៅថា ល្ខោនមកពីស្រុកបាសាក់ លុះក្រោយមក ក៏ហៅកាត់ខ្លីថាល្ខោនបាសាក់ ហើយក៏ជាប់ឈ្មោះរហូតដល់សព្វថ្ងៃ។
ល្ខោនបាសាក់ គឺមានទាំងការនិយាយ មានទាំងច្រៀង ហើយកំដរដោយភ្លេងបាសាក់។ ល្ខោននេះទៀតសោត មានឥទ្ធិពលមកពីល្ខោនអូប៉េរ៉ារបស់ចិន និងវៀតណាម។
លោក ឈាង ឆដាភ័ក្ត្រ ប្រធានស្តីទីនាយកដ្ឋានសិល្បៈទស្សនីយភាព បានថ្លែងថា គណៈកម្មការៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេសឆ្នាំ២០២២ បានរៀបចំប្រកាសជូនដំណឹង ស្តីពីការរៀបចំមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស និងបើកទទួលពាក្យស្នើសុំប្រឡងនៅ ថ្ងៃ១៥ ខែសីហា ឆ្នាំ២០២២ និងបិទការទទួលពាក្យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២។ លក្ខខណ្ឌប្រឡងគឺ ក្រុមល្ខោនបានសាក់នីមួយៗដែលមានបំណងចូលរួមប្រកួត ត្រូវថតជាវីដេអូសកម្មភាពសម្តែងល្ខោន បាសាក់របស់ក្រុមខ្លួន រយៈពេល១៥-៣០នាទី ដើម្បីផ្ញើជូនមកគណៈកម្មការរៀបចំមហោស្រព។
លោកបន្តថា គណៈកម្មការរៀបចំមហោស្រព បានទទួលពាក្យស្នើសុំចូលរួមប្រកួតប្រជែងសរុបចំនួន ១០ក្រុម មកពីបណ្តារាជធានី-ខេត្ត ដូចជា៖ ភ្នំពេញ កំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង កណ្តាល ត្បូងឃ្មុំ កែប និងបន្ទាយមានជ័យ។ មហោស្រពនេះធ្វើឡើងមាន ០២វគ្គ គឺវគ្គជម្រុះ និងវគ្គផ្តាច់ព្រ័ត្រ។ ក្នុងវគ្គជម្រុះ ក្រុមល្ខោនបាសាក់ នីមួយៗមានសិទ្ធិក្នុងការបង្ហាញសមត្ថភាពសម្តែងរបស់ក្រុមខ្លួនតាមរយៈវីដេអូ ហើយផ្ញើជូនគណៈ មេប្រយោគដើម្បីវាយតម្លៃ។ អនុគណៈកម្មការមេប្រយោគ បានពិនិត្យវាយតម្លៃប្រកបដោយស្មារតីទទួលខុសត្រូវ សុក្រឹត្យ មិនលំអៀង និងបានជ្រើសរើសស្នាដៃចំនួន ៥ក្រុម ដើម្បីចូលរួមក្នុង វគ្គផ្តាច់ព្រ័ត្រ។
បើតាមលោក ឈាង ឆដាភ័ក្ត្រ «ក្រុមល្ខោនបាសាក់ចំនួន ៥ក្រុម ដែលបានជ្រើសរើសឲ្យចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រ តម្រូវឱ្យចូលរួម ប្រកួតដោយផ្ទាល់ នៅរោងសំដែងនាយកដ្ឋានសិល្បៈទស្សនីយភាព រាជធានីភ្នំពេញ ដោយសម្តែងលើ វិញ្ញាសារ “វប្បធម៌សន្តិភាព” ដើម្បីឲ្យក្រុមនីមួយៗប្រើប្រាស់នូវ សិល្ប៍វិធីក្នុងការតាក់តែងនិពន្ធរឿង សមត្ថភាពដឹកនាំរឿង និងសម្តែងរបស់ក្រុមខ្លួន ដើម្បីប្រជែងយកជ័យលាភីក្នុងវគ្គផ្ដាច់ព្រ័ត្រនេះ»។
សូមជម្រាបថា រង្វាន់ជ័យលាភី សម្រាប់ ៥ក្រុមចុងក្រោយ រួមមាន៖
* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់
* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់
* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់៕