(ភ្នំពេញ)៖ នៅចំពោះមុខនិស្សិតរាប់ពាន់នាក់ ក្នុងកម្មវិធីចែកសញ្ញាបត្ររបស់ វិទ្យាស្ថានវ៉ាន់ដារ នៅព្រឹកថ្ងៃទី០៣ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានបន្ទរតាមការវិភាគរបស់អ្នកសេដ្ឋកិច្ចសកលថា ពិភពលោកពេលនេះកំពុងរំកិលទៅរកវិបត្តិសេដ្ឋកិច្ចសកលជាថ្មីម្តងទៀត។

មូលហេតុដែលនាំឱ្យមានវិបត្តិសកលនេះ ត្រូវសម្តេចអះអាងថា ដោយសារមួយផ្នែកមកពីសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន ហើយមួយផ្នែកទៀតបណ្តាលមកពីការដាក់ទណ្ឌកម្មទៅវិញទៅមក។

សម្តេចតេជោ ហ៊ុន សែន លើកឡើងដូច្នេះថា៖ «មានការទស្សទាយជាច្រើន វាយតម្លៃជាច្រើនពីអ្នកសេដ្ឋកិច្ចសកល​ថា ពិភពលោកកំពុងឈានជើងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចដ៏ធំ ដែលផ្តើមចេញពីអាមេរិក និងអឺរ៉ុប ដែលឥឡូវនេះ វាពិតណាស់ថា វាផ្តើមចេញពីសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន តែវាមិនមែនជាមូលហេតុតែមួយគត់ទេ មូលហេតុដែលនាំឱ្យសេដ្ឋកិច្ចជួបការលំបាក គឺទណ្ឌកម្មទៅវិញទេ»

សង្គ្រាមឈ្លានពានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន ដែលជាប់ជិតខាងគ្នា បានកើតឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយអូសអន្លាយរហូតដល់សព្វថ្ងៃ។ ការឈ្លានរបស់រុស្ស៉ី ទៅលើប្រទេសអ៊ុយក្រែន បានធ្វើឱ្យសហរដ្ឋអាមេរិក និងបច្ចិមប្រទេស សម្រេចប្រើប្រាស់ទណ្ឌកម្មជាបន្តបន្ទាប់ប្រឆាំងរុស្ស៉ី។ ចំណែករុស្ស៉ី ក៏បានប្រើប្រាស់ទណ្ឌកម្មតាមលទ្ធភាពរបស់ខ្លួន ដើម្បីប្រឆាំងនឹងទណ្ឌកម្មផងដែរ។ បញ្ហានេះ បានធ្វើឱ្យពិភពលោករងនូវវិបត្តិជាបន្តបន្ទាប់ ក្នុងនោះមានការកើនឡើងតម្លៃប្រេងឥន្ធនៈ ការកើនឡើងនូវអតិផរណា និងវិបត្តិអាកាសធាតុនៅអឺរ៉ុបផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទណ្ឌកម្មទៅវិញទៅមក បានរាលដាលដល់ប្រទេសតូចៗដែលមិនពាក់ព័ន្ធ។ សម្តេចថ្លែងថា៖ «ដាក់ទណ្ឌកម្មចុះឡើង ទណ្ឌកម្មត្រូវទាំងរុស្ស៉ីផង អឺរ៉ុបខ្លួនឯងផង ហើយត្រូវទាំងយើងដែលមិនដឹងអីទៅទៀត។ នេះជាចំណុចដែលយើងគិតថា ត្រូវទប់ទល់នឹងសភាពការណ៍នេះ វានឹងមកដល់»

សម្តេចបានរំលឹកអំពីវិបត្តិសេដ្ឋកិច្ចពិភពលោក កាលពីឆ្នាំ២០០៨ ដែលពេលនោះកម្ពុជា ត្រូវបានបិទរោងចក្រមួយចំនួន។ សម្តេចសង្ឃឹមថា ពិភពលោកនឹងរកការស្រុះស្រួលមួយ ដែលអាចបញ្ចៀសនូវវិបត្តិសេដ្ឋកិច្ចសកល៕