(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបង្ហាញពីការកើនឡើងនៃចំណូលពន្ធផ្ទៃក្នុង (ពន្ធដារ) គួរឲ្យកត់សម្គាល់ ដោយយ៉ាងតិចក្នុង១ខែ កម្ពុជាអាចទទួលបាន ២៥០លានដុល្លារ ហើយគិតរយៈពេល៩ខែ ឆ្នាំ២០២២នេះ ចំណូលពន្ធដារសម្រេច ៩៥ភាគរយនៃផែនការ ដែលស្មើនឹងជិត៣ពាន់លានដុល្លារ។
សម្តេចតេជោលើកឡើងថា ដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុក ទើបការប្រមូលពន្ធមានការកើនឡើងដែរ។ នៅពេលប្រទេសមានការអភិវឌ្ឍន៍ វិស័យឯកជនក្នុងស្រុករីកចម្រើន នោះចំណូលពន្ធគយ នឹងធ្លាក់ចុះជាបណ្តើរៗ ហើយពន្ធដារនឹងរីកធំឡើង។
ការធ្លាក់ចុះនៃពន្ធគយ ដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និងពាណិជ្ជកម្មសេរីទ្វេភាគីជាដើម ដែលធ្វើឲ្យការធ្វើពាណិជ្ជកម្ម មិនមានរបាំងពន្ធគយ។
ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «តួនាទីវិស័យឯកជនសំខាន់ណាស់សម្រាប់យើង បើវិស័យឯកជនមិនរីកចម្រើនទេ បានសេចក្តីថាយើងចប់! ខ្ញុំគ្រាន់តែលើកបង្ហាញតួលេខបន្តិច ពីមុនកូវីដ គឺប្រាក់ចំណូលរបស់យើងលើស ប៉ុន្តែក្រោយកូវីដ ឥឡូវនេះគ្រាន់តែពន្ធផ្ទៃក្នុងរបស់យើង [ពន្ធដារ] ដោយមិនគិតអំពីពន្ធគយទេ ហើយក៏មិនគិតអំពីចំណូលមិនមែនសារពើពន្ធដែរ ដែលឥឡូវនេះ ចាប់ផ្តើមរីកកាន់តែធំឡើងវិញ ក៏១ខែយើងទទួលបាន២៥០លានដុល្លារយ៉ាងតិច»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជាធម្មតាប្រទេសដែលមានការអភិវឌ្ឍន៍ ពន្ធគយចេះតែធ្លាក់ចុះ ពន្ធផ្ទៃក្នុងចេះតែកើនឡើង វាជាក្រឹតក្រម។ ពន្ធគយត្រូវតែធ្លាក់ យើងស្ថិតនៅក្នុងក្របខណ្ឌតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាន យើងមានកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយសេដ្ឋកិច្ចក្នុងតំបន់ (អាសិប) បន្ថែមលើនោះយើង យើងកិច្ចព្រមព្រៀងពាណិជ្ជសេរីដោយឡែកជាមួយចិន និងកូរ៉េខាងត្បូង ដែលការនាំចេញនាំចូលទៅវិញទៅមក គឺអត់មានការបង់ពន្ធ អីចឹងពន្ធគយត្រូវកាត់បន្ថយជាបណ្តើរៗ ប៉ុន្តែចំណូលផ្ទៃក្នុងត្រូវតែបានកើន។ ចំណូលពន្ធផ្ទៃក្នុង គិតត្រឹមតែរយៈពេល៩ខែ យើងសម្រេចបាន៩៥ភាគរយរួចមកហើយ ដែលមានទំហំទឹកប្រាក់ប្រមាណជាជិត ៣ពាន់លានដុល្លារ»។
ក្នុងខែកញ្ញា ឆ្នាំ២០២២ រាជរដ្ឋាភិបាលទទួលបានចំណូលសារពើពន្ធមានចំនួន ៤៨០លានដុល្លារ ក្នុងនោះពីគយប្រមាណ ២៣០លានដុល្លារ និងពីពន្ធដារ ប្រមាណ២៥០លានដុល្លារ។
សម្តេចបានបញ្ជាក់បន្ថែមថា តួនាទីរបស់វិស័យឯកជនមានសារសំខាន់ណាស់ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីនរថភ្លើង នៃកំណើនសេដ្ឋកិច្ចជាតិ ដែលបានដោះស្រាយបញ្ហាការងារធ្វើជូនប្រជាជនផង និងក៏បានបង់ពន្ធ ដែលជាផ្នែកដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើង។
សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលត្រូវតែពង្រឹងវិស័យឯកជនក្នុងស្រុក ដើម្បីឲ្យមានអ្នករកស៊ីកាន់តែច្រើន អ្នកមានកាន់តែច្រើន ដើម្បីជួយដល់ប្រទេសជាតិ៕