(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹក និងសម្តែងភាពរីករាយ ដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាប្រទេសមួយស្ថិតនៅក្នុងចំណោមប្រទេសឈានមុន ដែលបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ បង្កើតភាពស៊ាំក្នុងសហគមន៍ និងទប់ស្កាត់ជំងឺកូវីដ១៩។

ការលើកឡើងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញចែកសញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ឆ្នាំ២០២១ កន្លងទៅ ជាឆ្នាំដ៏លំបាកសម្រាប់ប្រទេសកម្ពុជា និងពិភពលោក បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងក្លា ដែលទាមទារឱ្យរាជរដ្ឋាភិបាល ត្រូវដាក់ចេញវិធានការនានា ក្នុងនោះមានវិធានការរដ្ឋបាល វិធានការសុខាភិបាល និងការចាក់ស្រោចវ៉ាក់សាំងផងដែរ។

សម្តេចតេជោ បានបញ្ជាក់ថា «ដោយសារតែយើងទទួលបានភាពសុាំក្នុងសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងការចាក់វ៉ាក់សាំងដូសជំរុញ បានពេញលេញ។ គេបានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលឈានមុន ទៅលើការគ្រប់គ្រងកូវីដ និងការចាក់វ៉ាក់សាំងបានច្រើនជាងគេ»

សម្តេចបានបន្ថែមទៀតថា រហូតមកដល់ពេលនេះ មនុស្សប្រមាណជាង៩៥ភាគរយ នៅក្នុងប្រទេសកម្ពុជា បានចាក់វ៉ាក់សាំងរួចហើយ។ សម្តេ​ចតេជោ បានចាត់ទុកថា នេះជាសមិទ្ធផល ដែលអនុញ្ញាតឱ្យកម្ពុជាអាចរៀបចំការជួបជុំឡើងវិញ នៅឆ្នាំ២០២២នេះ។

គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,១៩៦,៨៤៣នាក់។ ក្នុងនោះរួមមាន៖
១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៦៦,៨៨១នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៦,៦៤១នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៨៩,២៥៨នាក់
៤៖ អាយុ៥ឆ្នាំ ៤២៣,៨៦១នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៧០,២០១នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,១៨៩,៩០១នាក់, ដូសទី៤ចំនួន ៤,៣២៧,៤៩៤នាក់ និងដូសទី៥ចំនួន ៨៧៨,៣៧០នាក់៕