(ព្រះសីហនុ)៖ ពីតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រទី១០០ នាព្រឹកថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបង្ហាញក្តីរីករាយខ្លាំង ដែលវិស័យរោងចក្រកាត់ដេរនៅកម្ពុជា បានជួយរុញច្រាន់ជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រសើរ។ សម្តេច បានអំពាវនាវទៅដល់ថៅកែរោងចក្រ កម្មករ កម្មការិនី ត្រូវចេះរួមគ្នាដោះស្រាយបញ្ហាកុំឲ្យបញ្ហាតូចតាចក្លាយជាបញ្ហាធំ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទាំងថៅកែរោងចក្រ និងកម្មករ ត្រូវការពឹងផ្អែកគ្នាទៅវិញទៅមក ដោយមិនអាចខ្វះផ្នែកណាមួយបាន នោះឡើយ ពោលបើមានរោងចក្រ គ្មានកម្មករ ក៏មិនអាចដំណើរការ ហើយគ្មានរោងចក្រ កម្មករ ក៏គ្មានការងារធ្វើនោះដែរ។
សម្តេចតេជោ បានថ្លែងអំពាវនាវយ៉ាងដូច្នេះ «កុំភ្លេចថា បើគ្មានថៅកែទេ ក៏គ្មានកម្មករដែរ ព្រោះថៅកែគេមិនបញ្ចេញប្រាក់ ដើម្បីបង្កើតរោងចក្រ សម្រាប់បង្កើតការងារធ្វើឲ្យកម្មករ។ ប៉ុន្តែថៅកែ ក៏ត្រូវគិតដែរថា បើបង្កើតរោងចក្រហើយអត់មានកម្មករ គាត់ក៏មិនមែនជាថៅកែរោងចក្រដែរ។ អ៉ីចឹងផ្តាំទាំងសងខាង ផ្តាំទាំងថៅកែ ផ្តាំទាំងអ្នកគ្រប់គ្រងរោងចក្រ និងផ្តាំទាំងកម្មករ កម្មការិនី ដែលធ្វើការនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវមើលគ្នាក្នុងឋានៈជាអ្នករួមការងារ ដើម្បីធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន»។ «កម្មករនៅពេលធ្វើការងារបានល្អ ទិន្នផលកាន់តែខ្ពស់ លទ្ធភាពកាន់តែច្រើនរបស់ថៅកែរោងចក្រ ត្រូវខិតខំដំឡើងបៀវត្សរ៍ឲ្យកម្មករ។ ក្នុងពេលជាមួយគ្នា ថៅកែរោងចក្រ និងអ្នកគ្រប់គ្រង ក៏ត្រូវដឹងសុខទុក្ខពីកម្មករ ហើយកុំឲ្យរឿងតូចតាច ក្លាយទៅជារឿងធំ ដំណោះស្រាយវាមាន ដែលត្រូវដោះស្រាយភ្លាមៗជាមួយគ្នា តាមរយៈសន្ទនា»។
ទន្ទឹមនិងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងអំពាវនាវឲ្យដល់កម្មករ កម្មការិនីទាំងអស់ ឲ្យចេះរួមគ្នាថែរក្សារោងចក្រ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេសនានា ដែលជាឆ្នាំងបាយរបស់ខ្លួន។ សម្តេចតេជោថា ប្រសិនបើរោងចក្រត្រូវបិទទ្វារ នោះកម្មករ កម្មការិនី អាចនឹងទៅធ្វើស្រែចំការជាមួយឪពុក-ម្តាយ ឬ អាចក្លាយទៅជាពលករវិញ។
សម្តេចនាយករដ្ឋមន្រ្តី បានអំពាវនាវយ៉ាងដូច្នេះ «ដូច្នេះសង្ឃឹមថា នៅក្នុងចំណោមកម្មករ កម្មការិនីរបស់យើង ត្រូវខិតខំ ដើម្បីការពារឆ្នាំងបាយរបស់ខ្លួន ចាត់ទុកតំបន់សេដ្ឋកិច្ចពិសេស ចាត់ទុករោងចក្រសហគ្រាស ដែលយើងកំពុងធ្វើការ គឺជាឆ្នាំងបាយរបស់ខ្លួន។ សូមកុំភ្លេចថា នៅពេលមានការដកចេញការវិនិយោគចេញពីប្រទេសកម្ពុជា អ្នកខាតបង់មុនគេ គឺកម្មករកម្ពុជានោះឯង គ្មាននរណាផ្សេងទេ»។
សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា វិស័យកាន់ដេរនៅកម្ពុជា កាលពីឆ្នាំ៩៤ នាំចេញបានតែប្រមាណ ៤លានដុល្លារប៉ុណ្ណោះ។ ប៉ុន្តែបច្ចុ ប្បន្នវិស័យកាត់ដេរនៅកម្ពុជា នាចេញបានប្រមាណ ៩ពាន់លានដុល្លារអាមេរិក ខណៈដែលកម្មករ កម្មការិនី ទទួលបានប្រាក់ឈ្នួលអប្បរមា ១៤០ដុល្លារ ហើយបើបូករួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពួកគេអាចទទួលបានប្រាក់ឈ្នួលទាបបំផុត ១៧៥ដុល្លារក្នុងមួយខែ៕