(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការហាមឃាត់ការចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ LARY WARTREMOVER គ្មានលេខបញ្ជិកា ពីក្រសួងសុខាភិបាល។ នេះបើតាមសេចក្ដីជូនព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។
ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ជម្រុះប្រជ្រុយ និង សាច់ដុះ II កំពុងផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ LARY WART REMOVER និងផលិតផលផ្សេងៗទៀតគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឲ្យរាល់ការចរាចរផលិតផលឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬលេខបញ្ជិកាពីក្រសួងសុខាភិបាល។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់សុខភាពដល់អ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់ជឿការផ្សព្វផ្សាយផលិតផលឱសថឈ្មោះ LARY WART REMOVER និងឈប់ប្រើប្រាស់ផលិតផលឱសថគ្មានលេខបញ្ជិកាខាងលើ ជាបន្តទៀត ហើយក្រសួងសុខាភិបាល តម្រូវឲ្យម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ផលិតផលឱសថឈោ្មះ LARY WART REMOVER នេះជាបន្ទាន់។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណាដែលនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលឱសថឈ្មោះ LARY WART REMOVER និងផលិតផលគ្មានលេខបញ្ញិកាផ្សេងៗទៀត ទៅតាមច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។
ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលឱសថឈ្មោះ LARY WART REMOVER និងផលិតផលគ្មានលេខបញ្ជិកាផ្សេងៗទៀតខាងលើនេះ សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១២ ៥៦២ ៤៤៦៕