(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ បានថ្លែងថា កងយោធពលខេមរភូមិន្ទបានក្លាយជា កម្លាំងស្នូល និងជាសេនាធិការរបស់រាជរដ្ឋភិបាល និងកាកបាទក្រហមកម្ពុជា ក្នុងការចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបប្រទះនូវ គ្រោះមហន្តរាយទឹកជំនន់ រាំងស្ងួត និងរងគ្រោះថ្នាក់ផ្សេងៗ។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខធិការ និងជាប្រធានក្រុមការងារសង្រោះបន្ទាន់ ក្រសួងការពារជាតិ យ៉ាងដូច្នេះ ធ្វើឡើងក្នុងដែលោកអញ្ជើញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលដឹកជញ្ជូនទឹក ជូនប្រជាពលរដ្ឋនៅក្នុងគ្រោះរាំងស្ងួត ឆ្នាំ២០១៦ នៅថ្ងៃទី០៦ ខែមិថុនា នៅកងពលតូចដឹកជញ្ជូនលេខ៩៩ ចំណុះឲ្យអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានឲ្យដឹងថា អនុវត្តន៍តាមអនុសាសន៍ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងបទបញ្ជាក្រសួការពារជាតិ កងពលតូចដឹកជញ្ជូនលេខ៩៩ និងកងពលតូចដឹកជញ្ជូនលេខ៩០ បានចុះដឹកជញ្ជូនទឹកចែក ជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ នៅទូទាំងប្រទេស រថយន្តចាប់ស៊ីទែនទឹក មានចំនួន១០០គ្រឿង ចុះតាមគោលដៅនៅបណ្តា ស្រុកចំនួន៣៣ស្រុក ក្នុងខេត្តចំនួន០៩ ក្នុងនោះរួមមានខេត្តឧត្តរមានជ័យ សៀមរាប ប៉ៃលិន បាត់ដំបង ពោធិសាត់ តាកែវ បន្ទាយមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ។
លោក ហ៊ុល សំអុន បានបញ្ជាក់ទៀតថា ជាលទ្ធផលនៅក្នុងរយៈពេលគ្រោះរាំងស្ងួត នាឆ្នាំ២០១៦កន្លងមកនេះ កងពលទាំងពីរ បានសម្រេចដឹកជញ្ជូន និងផ្តល់ទឹកបានចំនួន១៧,៧៩០,២០០លីត្រ ជូនដល់ប្រជាពលរដ្ឋមានចំនួន ១០០,៦១០គ្រួសារ។
ក្នុងនាមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងអគ្គមេបញ្ជាការនៃខ.ភ.ម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខធិការ និងជាប្រធានក្រុមការងារសង្រោះបន្ទាន់ ក្រសួងការពារជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយទាហាន ពលទាហាន នៃកងពលតូចដឹកជញ្ជូនលេខ៩៩ និង កងពលតូចដឹកជញ្ជូនលេខ៩០ ក៏ដូចបណ្តាកងពល យោធភូមិភាគ មន្រ្តីអាជ្ញាធរដែនដី និងសប្បុរសជនក្រុមហ៊ុននានា ដែលបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រដល់សកម្មភាព ការដឹកជញ្ជូន និងចែកចាយទឹកជូន ដល់ប្រជាពលរដ្ឋខ្វះខាត ទឹកនាពេលកន្លងមកនេះ។
នាយឧត្តមសេនីយ៍ បានចាត់ទុកថា នេះជាសកម្មភាពកម្លាំងសាមគ្គី និងសិល្បៈនៃការជែករំលែកមួយ ចូលរួមជួយសង្គ្រោះជាបន្ទាន់ ដល់ប្រជាពលរដ្ឋជួបគ្រោះរាំងស្ថួត និងការលំបាកនានា ស្របតាមគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា។
ឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានលើកឡើងផងដែរថា អាកាសធាតុពិតជាមានការប្រែប្រួលយ៉ាងខ្លាំងក្លា នៅក្នុងឆ្នាំ២០១៦នេះ ដោយមានការកើនឡើងនូវកំដៅ ហើយបានធ្វើឲ្យបឹងបួរជាច្រើនកន្លែង ត្រូវរីងស្ងួតបង្កឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវិតមនុស្ស និងសត្វជាច្រើន នៅបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក និងនៅក្នុងតំបន់ជាពិសេសប្រជាពលរដ្ឋប្រទេសកម្ពុជា។
នាយឧត្តមសេនីយ៍បានគូសបញ្ជាក់ថា ទន្ទឹមនឹងកិច្ចខិតខំប្រឹងប្រែង អភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ជួយសង្គ្រោះ និងដោះស្រាយនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងពេលជួបគ្រោះមហន្តរាយធម្មជាតិ ទឹកជំនន់ និងរាំងស្ងួត ដោយបានចាត់បញ្ជូនកងទ័ព ចុះជួយជាបន្ទាន់ឆ្លើយតប បានទាន់ពេលវេលា និងទទួលបានជោគជ័យទៀតផង។
ឧត្តមសេនីយ៍ ម៉ឹង សំផន បានជំរុញដល់នាយទាហាន និងពលទាហានៃខ.ភ.ម បន្តការយកចិត្តទុកដាក់ និងត្រៀមលក្ខណៈជានិច្ច ដើម្បីធ្វើជាកម្លាំងស្នូលរបស់រាជរដ្ឋាភិបាល និងសមាគមកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពចុះជួយសង្គ្រោះ ប្រជាពលរដ្ឋដែលជួបប្រទះ នូវគ្រោះមហន្តរាយធម្មជាតិទឹកជំនន់ រាំងស្ងួត និងគ្រោះថ្នាក់ផ្សេងៗទៀត ជាពិសេសត្រូវត្រៀមនូវរាល់ មធ្យោបាយសំភារៈ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងរដូវវស្សាចូលមកដល់ នៅពេលខាងមុខនេះ៕