(ភ្នំពេញ)៖ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកទេសរដ្ឋមន្ត្រី គន់ គីម សម្តែងការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារសពយោធាពីររូប ដែលបានបាត់បង់ជីវិតពេលសង្គ្រោះជីវិតកុមារ។
ទន្ទឹមនឹងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារសពហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាត់ចាត់ការពលីជីវិតរបស់យោធាទាំងពីររូប គឺជាគំរូវីរភាពដ៏អស្ចារ្យ ដែលហ៊ានពលីជីវិតក្នុងបុព្វហេតុនៃការសង្គ្រោះ តម្កល់អាយុជីវិតរបស់អ្នកដទៃធំជាងអាយុជីវិតរបស់ខ្លួន។
លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងដូច្នេះ «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងជាមន្ត្រីនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមសម្តែងនូវការគោរពយ៉ាងស្មោះអស់ពីដួងចិត្តចំពោះគំរូវីរភាពរបស់យោធាទាំងពីររូប។ ការពលីជីវិតរបស់យោធាទាំងពីររូប បានបង្ហាញពីស្មារតីនៃការសង្គ្រោះដ៏ធំធេងរបស់កងទ័ពកម្ពុជា ដែលជានិច្ចកាលពួកគេតែងតែនៅជួរមុខ ទាំងលើសមរភូមិការពារបូរណភាពទឹកដី និងសមរភូមិនៃការសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ»។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានបួងសួង និងឧទ្ទិសដល់វិញញាណក្ខន្ធវីរយុទ្ធជនទាំងពីររូប បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយការចូលរួមរំលែកមរណទុក្ខ និងសម្តែងការសោកស្តាយជាមួយក្រុមគ្រួសារសពហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាក្នុងមួយសពចំនួន ៦លាន ២សែនរៀល។
គ្រឿងឧបភោគ បរិភោគ និងថវិកា ត្រូវបានលោក គង់ កន្នារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ តំណាងនាយឧត្តមសេនីយ៍ គន់ គីម និងលោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ យកទៅប្រគល់ជូនគ្រួសារសពនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ។
សូមបញ្ជាក់ថា ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ យោធាពីររូប ឈ្មោះ វ៉ាន់ ថុល អាយុ ២៣ឆ្នាំ និងឈ្មោះ ឈន ស៊ីដេត អាយុ ៣៩ឆ្នាំ ជាកងកម្លាំងនៃកងពលតូចថ្មើរជើងលេខ៤២ ការពារព្រំដែន នៅប្រាសាទតាមាន់ បានលង់ទឹកស្លាប់ នៅចំណុចអាងអង្ក្រង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
គ្រោះអកុសលនេះ បានកើតឡើងនៅពេលមន្ត្រីយោធាទាំងពីររូប ចុះជួយក្មេងប្រុស ពីររូបដែលកំពុងលង់ទឹក។ មន្ត្រីយោធាទាំងពីររូប បានជួយក្មេងប្រុសទាំងពីររូប ឱ្យរួចផុតពីគ្រោះថ្នាក់ទៅហើយ តែទឹកហូរគួចខ្លាំងក៏បណ្តាលឱ្យពួកគេលង់ទឹកស្លាប់តែម្តង៕