(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា ដឹកនាំដោយ លោក ពេជ្រ ស្រស់ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូនចំពោះគ្រួសារសពយុទ្ធជនពីររូប ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ការជួយសង្គ្រោះជីវិតក្មេងប្រុសពីការលង់ទឹក កាលពីថ្ងៃទី៣០ ខែកញ្ញា កន្លងទៅនេះ។
យុទ្ធជន២រូបនោះរួមមាន ពលបាលឯក ឈន ស៊ីដេត និងពលទោ វ៉ាន់ ថុន ដែលបំពេញការងារក្នុងអង្គភាព វរៈសេនាតូច ៤៤២ របស់កងពលតូចថ្មើជើងលេខ៤២ ចំណុះឱ្យយុទ្ធភូមិភាគទី៤។
តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គណបក្សយុវជនកម្ពុជា ពិតជាមានការអាណិតអាសូរ និងកោតសរសើរចំពោះវីរភាពរបស់យុទ្ធជន ទាំងពីររូប និងសូមចងចាំជារៀងរហូតចំពោះពលិកម្មប្រកបដោយគំរូវីរភាពអង់អាចក្លាហាននេះ ។
ក្នុងវេលាដ៏សែនក្រៀមក្រំនេះ គណបក្សយុវជនកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ន គណបក្សយុវជនកម្ពុជាទូទាំងប្រទេស ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមបួងសួង ឧទ្ទិសដល់វិញ្ញាណក្ខន្ធ ពលបាលឯក ឈន ស៊ីដេត និងពលទោ វ៉ាន់ ថុន សូមបានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕