(អាមេរិក)៖ កូរ៉េខាងជើង ជាក់ស្ដែងណាស់ បានដំណើរការរោងចក្ររ៉េអាក់ទ័រក្នុងតំបន់ Yongbyon ចម្ងាយប្រមាន ៩០គីឡូម៉ែត្រពីទីក្រុងព្យុងយ៉ាង ដែលរោងចក្រនេះដំណើរការឡើងវិញដើម្បីផលិតអាវុធនុយក្លេអ៊ែរ ហើយអាចឈានទៅផលិតអាវុធបរមាណូ នេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី០៧ ខែមិថុនា។
ទីភ្នាក់ងារថាមពលអាតូមិកអន្ដរជាតិ (IAEA) និងក្រុមអ្នកឃ្លាំមើលរបស់អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា តាមរយៈរូបភាពដែលចាប់បានដោយផ្កាយរណប បានបង្ហាញឲ្យឃើញពីដំណើរការឡើងវិញនៃរោងចក្ររ៉េអាក់ទ័រនៅក្នុងតំបន់ Yongbyon ដែលមើលទៅ កូរ៉េខាងជើងគឺមានគំនិតមិនល្អអ្វីមួយទៀតហើយ ទើបដំណើរការរោងចក្រនេះវិញ។
«រថយន្តធំៗជាច្រើនគ្រឿងបានចេញ-ចូលនៅកន្លែងរោងចក្ររ៉េអាក់ទ័រមួយនេះ ហើយតាមការវិភាគទៅលើរថយន្តទាំងនោះ គេអាចសន្និដ្ឋានបានថា ជារថយន្តដឹកនូវសម្ភារៈផ្សេងៗ ដើម្បីដំណើរការរោងចក្រឡើងវិញ ហើយអ្វីដែលពិសេសជានេះទៅទៀតនោះគឺ គេឃើញមានចំហាយទឹកភាយចេញពីរោងចក្រ ដូច្នេះមានន័យថារោងចក្រគឺពិតជាដំណើរការឡើងវិញមែន»។ នេះជាសំដីរបស់ក្រុមអ្នកឃ្លាំមើល UN បានថ្លែងប្រាប់សារព័ត៌មាន Reuters។
គួរបញ្ជាក់ផងដែរថា រោងចក្ររ៉េអាក់ទ័រខាងលើ ត្រូវបានរដ្ឋាភិបាលក្រុងព្យុងយ៉ាង ផ្អាកដំណើរការតាំងពីឆ្នាំ ២០០៧ ដោយនៅក្នុងនោះគេមិនដឹងពីមូលហេតុឡើយ ប៉ុន្តែប្រភពមួយចំនួនបានបញ្ជាក់ថា អាចមកពីខ្វះធនធានសម្រាប់ផ្គត់ផ្គង់៕