(ភ្នំពេញ)៖ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងស្ថានទូតចិនប្រចាំកម្ពុជា ទើបរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ បណ្ណាល័យព្រឹទ្ធសភាបានសហការជាមួយ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបាន រៀបចំបាឋកថាស្តីពីការឈ្វេងយល់ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយមានវាគ្មិនចំនួន៤រូប និងអ្នកចូលរួមដែលជាមន្ត្រីរាជការមកពីព្រឹទ្ធសភា រដ្ឋសភា ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងព្រះបរមរាជវាំង ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជននិងកីឡា តំណាងសង្គមស៊ីវិលកម្ពុជានិងចិន ព្រមទាំងអ្នកយកព័ត៌មានជាតិនិងអន្តរជាតិសរុបចំនួន៤០រូប។
ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា និងក្នុងនាមឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wu Chuanbing ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជាបានអបអរសាទរព្រឹត្តិការណ៍នេះ និងបានណែនាំយ៉ាងលម្អិតអំពីសាវតារនិងសកម្មភាព អបអរសាទរសំខាន់ៗនៃទិវាបុណ្យជាតិ ដែលជាថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន។
លោក Wu Chuanbing បានសង្កត់ធ្ងន់ថា ចិននិងកម្ពុជាមានភូមិសាស្ត្រក្បែរគ្នា វប្បធម៌ស្រដៀងគ្នា ប្រជាជនមានភាពស្និទ្ធស្នាលនឹងគ្នា គឺជាអ្នកជិតខាងនៃចំណងមិត្តភាពជាប្រពៃណី និងជាសហគមន៍វាសនារួមប្រកបដោយអត្ថន័យយុទ្ធសាស្ត្រ។ ក្រោមការដឹកនាំរួមគ្នារបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ទំនាក់ទំនងចិន-កម្ពុជារក្សាបាននូវការអភិវឌ្ឍន៍កម្រិតខ្ពស់ ហើយបច្ចុប្បន្នក៏កំពុងស្ថិត ក្នុងសម័យកាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ។ ភាពត្រចះត្រចង់នៃទំនាក់ទំនងចិន-កម្ពុជា នាពេលអនាគត គឺអាស្រ័យទៅលើការចូលរួម និងការបង្កើតពីគ្រប់មជ្ឈដ្ឋាន នៃប្រជាជនទាំងពីរប្រទេស រួមទាំងអ្នកទាំងអស់គ្នាផងដែរ។
«ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងបន្តយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍន៍របស់ចិន និទានរឿងទំនាក់ទំនងមិត្តភាពរវាងចិននិងកម្ពុជា បន្តផ្សព្វផ្សាយគោលបំណងនិងថាមពលវិជ្ជមាន នៃចំណងមិត្តភាពរវាងប្រទេសទាំងពីរគ្រប់ជំនាន់ ធ្វើជាអ្នកបន្តវេនដ៏ស្មោះ អ្នកការពារដ៏មុតមាំ និងអ្នកស្នងទទួលដ៏រឹងមាំ សម្រាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ»។
លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរំលេចពីសមិទ្ធផល នៃគំរូភាពក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈជំនួយហិរញ្ញវត្ថុនិងបច្ចេកទេស ពីសង្គមស៊ីវិលប្រទេសចិន ដែលត្រូវបន្តពង្រីកបន្ថែមទៀត នូវគំរូភាពនៃភូមិបែបនេះកាន់តែច្រើន នៅក្នុងប្រទេសកម្ពុជា។
ដោយឡែក លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានបង្ហាញពីជំនួយរបស់ចិនក្នុងការចូលរួម បង្កើនបរិមាណអ្នកអាន អ្នកសិក្សាតាមរយៈការកសាងអគារ និងការបន្តកែលម្អសោភណភាពរបស់បណ្ណាល័យ ដើម្បីជាប្រយោជន៍ដល់អ្នកអាន ក្នុងការឈ្វេងយល់កាន់តែស៊ីជម្រៅ ពីប្រទេសចិននិងពិភពលោក។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរំលេចពីសមិទ្ធផលរយៈពេល៧៣ឆ្នាំ របស់សាធារណរដ្ឋប្រជាមានិតចិន ដោយបានគូសបញ្ជាក់បន្ថែមពី វីរភាពដឹកនាំរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនតាមរយៈ សៀវភៅអភិបាលកិច្ចប្រទេសចិនភាគ៤ថា សព្វថ្ងៃនេះ ប្រទេសចិនកាន់តែខិតជិត កាន់តែមានទំនុកចិត្ត និងកាន់តែមានសមត្ថភាពសម្រេចគោលដៅ នៃការស្តារភាពអស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ ដែលនេះការបន្តមហាដំណើរ ដើម្បីសម្រេចបានការកសាង សង្គមនិយមទំនើបកម្មមួយ ដែលមានភាពរីកចម្រើន រឹងមាំ ប្រជាធិបតេយ្យ សុខដុមនីយកម្ម វប្បធម៌ជឿនលឿន និងមានភាពស្រស់ស្អាត។
អង្គពិធីទាំងមូលបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ឆ្នាំ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងដើរតួនាទីយ៉ាងសំខាន់ និងជាស្នូលនៃការរក្សាបានសុខសន្តិភាព និងការអភិវឌ្ឍសកល និងការកសាងសហគមន៍ជោគវាសនារួម ហើយអង្គពិធីក៏បានឯកភាពនិងយល់ស្របគ្នាថា មាគ៌ាឆ្ពោះទៅផ្លូវសុភមង្គល របស់ប្រទេសនីមួយៗមិនដូចគ្នាទេ ប្រជាជនមកពីគ្រប់ប្រទេស មានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍ និងប្រព័ន្ធគ្រប់គ្រងដោយខ្លួនឯង នេះជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្សជាតិ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)