(ភ្នំពេញ)៖ ដើម្បីបញ្ចៀសនូវការលិចលង់ផ្លូវ និងភូមិឋានប្រជាពលរដ្ឋ ខណៈមេឃចេះតែធ្លាក់ភ្លៀងបន្តរាល់ថ្ងៃនោះ នៅវេលាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២២នេះ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំមន្រ្តីក្រោមឱវាទ ចុះទៅពិនិត្យ និងដាក់គ្រឿងចក្រទៅកាយស្ដារប្រឡាយអមផ្លូវជាតិលេខ៤ ដែលពោរពេញទៅដោយសម្រាមគ្រប់ប្រភេទជាពិសេស ស្មៅដែលដុះជិតប្រឡាយបង្កឱ្យទឹកហូរយឺតស្ទះលែងហូរតែម្ដង។
លោកអភិបាលខណ្ឌ បានប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ប្រឡាយអមផ្លូវជាតិលេខ៤នេះ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់រំដោះទឹកមិនឱ្យលិចផ្លូវនិងលំនៅដ្ឋាននៅតាមតំបន់អមសងខាងផ្លូវនោះ។ កន្លងមកលោកបានដឹកនាំកម្លាំងចុះធ្វើការស្ដារជាប្រចាំដោយរយៈពេល១ខែ ឬ២ខែ ដាក់គ្រឿងចក្រកាយម្ដងចាប់ពីចំណុចព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្ដាល ដល់ព្រំប្រទល់ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ឃឹម ស៊ុនសូដា បានបន្តថា ត្រឹមតែមួយរយៈពេលខ្លីប៉ុណ្ណោះ នៅក្នុងប្រឡាយពោរពេញទៅដោយសំរាម និងស្មៅ ជាពិសេសស្មៅបារាំង បានដុះគ្របជិតប្រឡាយដែលបង្កឱ្យទឹកហូរយឺត ឬមិនអាចហូររួចតែម្ដង ហើយដោយសារតែទឹកស្អុយដីមានជីជាតិបានធ្វើឱ្យស្មៅបារាំងនេះដុះលឿនបំផុតត្រឹមតែ១ខែ ឬ២ខែដុះគ្របជិតប្រឡាយវិញហើយ ជាហេតុធ្វើឱ្យទឹកបានស្ទះហូរយឺត ដូច្នេះ ហើយទើបតម្រូវឱ្យស្ដារឡើងវិញជាប្រចាំ ដើម្បីបញ្ចៀសការលិចលង់ផ្លូវ និងភូមិឋានប្រជាពលរដ្ឋ។
ទន្ទឹមនិងនេះដែរ លោកអភិបាលខណ្ឌកំបូល ក៏បានអំពាវនាវសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសងខាងផ្លូវជាតិលេខ៤ នោះក្ដី ឬអ្នកដែលនៅកន្លែងផ្សេងក្ដីសូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវដើម្បីរថយន្តប្រមូលសំរាមដឹកចេញយកទៅចោល មេត្តកុំចោលសំរាមផ្ដេសផ្ដាស់ទៅក្នុងប្រឡាយ ឬលូ ហើយពេលភ្លៀងធ្លាក់មកនាំឱ្យស្ទះទឹកហូរមិនរួចលិចផ្លូវលិចភូមិ៕