(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារជួបសំណេះសំណាលសួរសុខ ទុក្ខជាមួយគ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង និងពិនិត្យមើលការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លំនៅដ្ឋាន លិចលង់របស់ប្រជាពលរដ្ឋ ព្រមទាំងផ្តល់នូវអំណោយជូនដល់គ្រួសារដែលខ្វះខាតលិចលង់ដោយគ្រោះទឹកជំនន់ ចំនួន៦០គ្រួសារ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ។
ថ្លែងក្នុងឱកាសជួបសួរសុខទុក្ខលោកស្រី បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ កុំអស់សង្ឃឹមត្រូវបន្តបង្កបង្កើនផលបន្ថែមទៀតបន្ទាប់ពីទឹកស្រក និងសូមឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងរស់នៅមានអនាម័យស្អាត បរិភោគ ទឹកឆ្អិន ឬអាហារដែលចម្អិនបានល្អ និងចៀសវាងជំងឺរាតត្បាតនានា ដែលបង្កឡើងដោយទឹក និងប្រុងប្រយ័ត្នពីសត្វ អាសិរពិសគ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក សូមក្រុមគ្រួសារដែលមានកូន ចៅតូចៗកុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះវាអាចបណ្តាលឱ្យបាត់បង់ជីវិត ដោយសារលង់ទឹកបានដូចនេះ ត្រូវការពារពួកគេឱ្យបានល្អ ជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែសនេះ។
លោកស្រី ឃួន ឃុនឌី បានថ្លែងថា នៅពេលទឹកស្រកមុនពេលត្រឡប់ទៅរស់នៅលំនៅដ្ឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថាន ជុំវិញផ្ទះឱ្យបានស្អាតមានអនាម័យ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិសដែលវាបានទៅរស់នៅតាមដំបូលផ្ទះ ឬ កន្លែងផ្សេងៗក្នុងផ្ទះរបស់យើងដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូមបន្តប្រកបរបរចិញ្ចឹមជីវិតដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។
លោកស្រីបានប្រាប់ប្រជាពលរដ្ឋថាប្រសិនបើមានបញ្ហាអ្វីកើតឡើងសូមរាយការណ៍ជូនអាជ្ញាធរ ដើម្បីជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ និងបានកោតសសើរចំពោះអាជ្ញាធរ និងកងកម្លាំងទាំងអស់នៅមូលមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌មួយនេះ និងសូមអោយអាជ្ញាធរស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រៀមរៀបចំចាំជួយសង្គ្រោះពួកគាត់មកកាន់ទីទួលសុវត្ថិភាពនៅពេលដែលទឹកឡើងបន្ថែមទៀត។
ជាចុងក្រោយលោកស្រី លោកស្រី ឃួន ឃុនឌី បានលើកឡើងថា ដើម្បីចូលរួមនូវទុក្ខលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលប្រជាពលរដ្ឋជួបនូវគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបណ្តាលឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លិចលង់លំនៅដ្ឋានរបស់ ប្រជាពលរដ្ឋ និងធ្វើឱ្យប្រជាពលរដ្ឋជួបនូវការខ្វះខាតជាស្បៀងអាហារប្រចាំថ្ងៃ ព្រមទាំងចូលរួមសោកស្តាយការខូច ខាតបាត់បង់ នូវទ្រព្យសម្បត្តិ ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ឋផ្សេងៗ។
ដើម្បីជួយដល់គ្រួសារលិចលង់ដោយ គ្រោះទឹកជំន និងក្នុងនោះលោកស្រីបានឧបត្តម គ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ២០គីឡូក្រាម មី ទឹក ត្រី ទឹកស៊ីអ៉ីវ និងថាវិកាចំនួន ២០,០០០រៀល ព្រមទាំងបានឧបត្តមជូនដល់រដ្ឋបាលឃុំនូវថវិកាចំនួន ១,០០០,០០០រៀល ដើម្បីទិញថ្មចាក់ផ្លូវ៕