(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប១០ឆ្នាំ របស់ក្រុមហ៊ុននាំចូល និងចែកចាយឱសថ ក្នុងទីផ្សាររបស់ប្រទេសកម្ពុជា «លាភមានជ័យហ្វាម៉ា ខូអិលធីឌី» ដែលបានប្រារព្ធធ្វើឡើង នៅក្នុងសណ្ឋាគារ Raffles នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦នេះ លោក ហ៊ុន ម៉ាណែត បានថ្លែង កោតសរសើរ និងមានមោទនភាព ចំពោះក្រុមហ៊ុនឱសថមួយនេះ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយផ្គង់ផ្គង់ឱសថដល់ ប្រជាពលរដ្ឋកម្ពុជា អស់រយៈពេលជា១០ឆ្នាំមកនេះ ប្រកបដោយភាពជោគជ័យ ជាពិសេសកាត់បន្ថយ អត្រាមរណៈ និងវ៉ាក់សាំងការពារ ជំងឺជាច្រើនប្រភេទ ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងប្រតិបត្តិការណ៍ចែកចាយឱសថ វ៉ាក់សាំងការពារជំងឺផ្សេងៗ នៅតាមបណ្ដាខេត្តក្រុង ទូទាំងប្រទេស ក្នុងរយៈពេល១០ឆ្នាំមកនេះ លោកសូមធ្វើការកោសរសើរ និងចូលរួមជម្រុញលើកទឹកចិត្ត ចំពោះការតាំងចិត្ត និងកិច្ចខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រងក្រុមហ៊ុនជាដៃគូ និងហសពាណិជ្ជករទាំងអស់ ដែលបានចូលរួម មួយផ្នែកជាមួយរាជរដ្ឋភិបាល លើវិស័យឯកជន ដែលជាការអភិវឌ្ឍលើវិស័យសុខាភិបាល តាមរយៈការចូលរួមចំណែកសិក្សាស្រាវជ្រាវ ការបង្កើតឧបរណ៍បរិក្ខា និងឱសថវ៉ាក់សាំងជាបន្តបន្ទាប់ សំដៅជាប្រយោជន៍ដល់សុខុមាលភាព សម្រាប់មនុស្សជាតិ ជាពិសេសប្រជាពលរដ្ឋកម្ពុជាយើង ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តឲ្យដឹងទៀតថា រាជរដ្ឋាភិបាល ដែលបានដឹកនាំប្រទេសប្រកបដោយ សុខសន្តិភាពរហូតមកដល់ សព្វថ្ងៃនេះ បានផ្ដល់ឱកាសដល់វិស័យឯកជន ដើម្បីពង្រីកខ្លួន កសាងសមត្ថភាព ឲ្យរីកចម្រើន មានសក្ដានុពលលើគ្រប់វិស័យ ក្នុងនោះ ផ្នែកដ៏ធំមួយនៃវិស័យសុខាភិបាល តាមរយៈគោលដៅកាត់បន្ថយ អត្រាមរណភាពរបស់កុមារ និងមាតា មានការថយចុះគួរឲ្យគត់សម្គាល់ ។ ទាំងនេះជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋភិបាល ក្នុងការចូលរួមជាមួយ គ្រប់ភាគីពាក់ព័ន្ធ មិនថា អង្គការ, សមាគម, សហគមន៍ ក្នុងនោះក៏មានក្រុមហ៊ុន ឯកជនផងដែរ។ ជាក់ស្ដែង ក្រុមហ៊ុន លាភមានជ័យហ្វាម៉ា ដែលជាក្រុមហ៊ុនចែកចាយឱសថពិតណាស់ ក៏បានចូលរួមចំណែក ដោយផ្ទាល់ និងដោយប្រយោល នាពេលកន្លងមក ។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏បានជម្រុញលើកទឹកចិត្ត ដើម្បីឲ្យបន្តការសិក្សាជ្រាវជ្រាវ ពង្រីកកិច្ចប្រតិបត្តិការផ្នែកឱសថ បន្ថែមទៀត ដើម្បីបន្តការពារ ព្យាបាលជំងឺជូនដល់ប្រជាជន ក៏ដូចជាទទួលបានការជឿជាក់ ពីអតិថិជនទាំងក្នុង និងក្រៅប្រទេស។
ដោយឡែកលោក ស៊ឹម ឫទ្ធី អគ្គនាយកក្រុមហ៊ុន «លាភមានជ័យហ្វាម៉ា ខូអិលធីឌី» បានបញ្ជាក់ថា ដំបូងក្រុមហ៊ុនមានលក្ខណៈ ទ្រង់ទ្រាយតូច បុគ្គលិកតិច និងបាននាំចូលថ្នាំពេទ្យ ពីប្រទេសជិតខាង ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ។ បន្ទាប់ពីក្រុមហ៊ុនដំណើរការបាន រយៈពេល២ឆ្នាំ ដោយមើលឃើញពីទីផ្សារ មានការប្រកួតប្រជែងគ្នាខ្លាំង បានធ្វើឲ្យរូបលោក បានពិចារណាមើលទៅលើការនាំចូល ផលិតផលថ្មីៗបន្ថែមទៀត ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ ក្រៅពីថ្មីពេទ្យដែលបាននាំចូលស្រាប់ ។ ក្នុងនោះលោកបាននាំចូលនូវវ៉ាក់សាំង ការពារជំងឺផ្សេងៗ ហើយទទួលបានការគាំទ្រខ្លាំង ដោយវ៉ាក់សាំងទាំងនោះរួមមាន វ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត(Indirab), វ៉ាក់សាំងការពារជំងឺ រលាកផ្លើមប្រភេទបេ (Revac-B) និងសេរ៉ូមតេតាណូស (Sat) ជាដើម។
លោកអគ្គនាយក ក្រុមហ៊ុនរូបនេះបន្ថែមថា ការឈោងចាប់ទីផ្សារវ៉ាក់សាំង ដើម្បីផ្គត់ផ្គង់ និងជួយលើកតម្កើងសុខុមាលភាពប្រជាពលរដ្ឋ ក្នុងស្រុកបានធ្វើឲ្យក្រុមហ៊ុន មានកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃ ព្រមទាំងទទួលបានភាពជឿជាក់ និងការគាំទ្រពីបណ្ដាវេជ្ជបណ្ឌិត និងឱសថស្ថាននានា ទូទាំង២៥ខេត្តក្រុង ។ ដោយមើលឃើញ ពីភាពជោគជ័យលើទីផ្សារ ក្រុមហ៊ុនបានពង្រីកខ្លួនទៅកាន់ប្រទេស ជិតខាងដូចជា មីយ៉ានម៉ា ឡាវ និងវៀតណាម ។ ជាមួយគ្នានេះ ក្រុមហ៊ុនបានសហការជាមួយ ដៃគូបរទេសជាច្រើនទៀត មានដូចជា ប្រទេសបារាំង អ៉ីតាលី ស្វីស កូរ៉េ ឥណ្ឌា អាមេរិក និងអេក្វាឌ័រ ដើម្បីនាំចូលផលិតផលផ្សេងៗ ជាពិសេសវ៉ាក់សាំងការពារជំងឺ ដែលមានគុណភាពខ្ពស់ ចូលមកក្នុងស្រុក ដើម្បីផ្គត់ផ្គង់លើទីផ្សារប្រទេសកម្ពុជា និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាបណ្ដាដៃគូពាណិជ្ជកម្មរបស់ខ្លួន៕