(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងកត់សម្គាល់ថា៖ ក្នុងសង្គមខ្មែរយើងបច្ចុប្បន្ននេះ ក្រោយពីបានរួចផុតពីរណ្ដៅមរណៈដែលដិតដាមដោយជ្រោះឈាម និងសមុទ្រទឹកភ្នែកនៃរបបវាលពិឃាដ រហូតបានរស់ក្នុងសង្គមពោរពេញដោយសន្ដិភាព និងការអភិវឌ្ឍស្របតាមការវិវត្ដនៃបច្ចេកវិទ្យារបស់ពិភពលោកដ៏ទាន់សម័យទនើប និងដ៏ពេញនិយមនេះ យើងបានកត់សំគាល់ឃើញថា ពាក្យស្រទ្បាញ់ជាតិ ឬស្នេហាជាតិ ហាក់កំពុងផ្ទុះទ្បើងយ៉ាងផុលផុសចេញពីបបូរមាត់មេបក្សនយោបាយ ឬសកម្មជននយោបាយខ្លះបាន និងកំពុងបង្ហោះលើបណ្ដាញសង្គមរបស់ខ្លួន យ៉ាងកងរំពងស្ទើរក្លាយជាកម្មសិទ្ធិផ្ដាច់មុខរបស់បុគ្គលម្នាក់ៗដ៏គួរឲ្យអស់សើចបំផុត។
ព្រោះថាចំពោះអ្នកស្រទ្បាញ់ជាតិ ឬអ្នកស្នេហាជាតិនេះ គឺពុំមែនស្ថិតលើវោហាសាស្រ្ដ ឬត្រឹមតែលើបបូរមាត់តែប៉ុណ្ណោះទេ គឺស្ថិតនៅលើសកម្មភាពជាក់ស្ដែង និងឧត្ដមគតិ ក្នុងបុព្វហេតុការពារផលប្រយោជន៍ជាតិ សេចក្ដីថ្លៃថ្នូរជាតិ និងប្រជាពលរដ្ឋជាចម្បង។
លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងន័យនេះចំពោះមេរៀន ប្រវត្ដិសាស្រ្ដដែលបានប្រាប់ឲ្យយើងដឹងនោះ គឺកាលពីសម័យខ្មែរយើងបែកបាក់គ្នាពីទសវត្សឆ្នាំ១៩៧០ ដល់១៩៨០នោះយើងឃើញប្រទេសជិតខាងយើង បានសម្លាប់ខ្មែរ ឬសម្លាប់ខឿនសេដ្ឋកិច្ចខ្មែរយើង តាមរូបភាពផ្សេងៗជាច្រើន។ ក្នុងនោះអ្វីដែលពិសេសគឺការផ្សព្វផ្សាយលើទំព័រសារព័ត៌មានពីរឿងអាក្រក់ៗ និងមិនពិតពីកម្ពុជាទៅកាន់ពិភពលោកនេះឯង។
បច្ចុប្បន្ននេះអំពីទង្វើរនៃការផ្សព្វផ្សាយព័ត៌មានរបស់ប្រទេសជិតខាងយើងទាំងនេះ ហាក់មានភាពថមថយបន្ដិច។ តែផ្ទុយទៅវិញយើងបែរជាឃើញមានសកម្មជនអ្នកនយោបាយខ្លះ ឬមេបក្សខ្លះបាន និងកំពុងតំាងខ្លួនជាអ្នកស្រទ្បាញ់ជាតិ ឬជាអ្នកស្នេហាជាតិ បែរជាខំផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានអាក្រក់ៗរបស់ជាតិខ្លួន ទៅកាន់ពិភពលោកយ៉ាងពុះកព្រ្ជោលបំផុតទៅវិញ។
រហូតពួកគេហ៊ានដើរប្រកូសប្រកាសយ៉ាងខែងរ៉ែងឲ្យអន្ដរជាតិផ្ដាច់ជំនួយ ឬកុំឲ្យក្រុមហ៊ុនបរទេសទិញទំនិញពីស្រុកខ្មែរ និងកុំមករកស៊ីស្រុកខ្មែរជាដើម។ ដែលទង្វើទាំងនេះគឺជាការសម្លាប់ជាតិ និងប្រជាជនខ្លួនឯងនោះ។ ហេតុនេះស្ថិតក្នុងបរិការដែលពិភពលោក កំពុងរស់ក្នុងសម័យបច្ចេកវិទ្យា Facebook បណ្ដាញសង្គមនេះ ដូច្នេះចំពោះអ្នកស្រទ្បាញ់ជាតិពិតប្រាកដ គឺសូម្បីតែការ Share ព័ត៌មានពិតល្អៗក្នុងបណ្ដាញសង្គមរបស់ខ្លួន ក៏ជាតិសូមកោតសរសើរយ៉ាងប្រពៃដែរ៕