(ស្វាយរៀង)៖ លោក ជុក មុន្នី អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងស្វាយរៀង និងលោកបណ្ឌិត កែរ រដ្ឋា អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយក្រុងស្វាយរៀង និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី និងចុះពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ១៩ ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅក្នុង សង្កាត់ស្វាយរៀង ចំនួន២៥០នាក់ ក្នុងនោះស្ត្រីមាន១៧៥នាក់ នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២២។
ការចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀងនេះដែរ ក៏មានការចូលរួមពីលោកគុជ សុីថា ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានប្រតិបត្តិក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានីខេត្តស្វាយរៀង និងលោក សរ សុដានី អភិបាលរងក្រុងស្វាយរៀង ព្រមទាំងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តជាច្រើននាក់ផងដែរ។
លោកបណ្ឌិត កែរ រដ្ឋា បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀង ជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងការពិនិត្យនិងព្យាបាលជំងឺនៅថ្ងៃនេះផងដែរ។
លោកបណ្ឌិត បានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលបានចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងសង្កាត់ស្វាយរៀងនាពេលនេះ គឺគ្រូពេទ្យសុទ្ធតែមានឯកទេស ជំនាញច្បាស់លាស់នៅតាមបណ្ដាមន្ទីរពេទ្យក្នុងខេត្តស្វាយរៀង និងមន្ទីរសុខាភិបាលខេត្ត ដែលពោរពេញដោយសមត្ថភាព និងមានបេះដូងមនុស្សធម៌សែនកក់ក្តៅ ដូច្នេះប្រជាពលរដ្ឋទាំងអស់ដែលមានជំងឺសូមប្រញាប់រួសរាន់មកព្យាបាលដែលមានក្រុមគ្រូពេទ្យរង់ចាំពិនិត្យ និងព្យាបាលជូនផងដែរ។
លោកបានបញ្ជាក់ថា តាមគោលការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោល គឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ។ បន្ថែមលើសពីនេះ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គលជូនគ្រួសារ និងសង្គមជាតិ មានសុខភាពល្អ ទើបមានអ្វីៗទាំងអស់ មានសន្តិភាព មានសុខភាពល្អនាំឱ្យមានការអភិវឌ្ឍនោះនឹងចាកចេញផុតពីភាពក្រីក្រ។
ជាមួយគ្នានេះ លោក ជុក មុន្នី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងខេត្តស្វាយរៀងតាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង នាពេលនេះពិតជាបានគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីបានចាត់ទុកវិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយសម្រាប់ការងារអភិវឌ្ឍន៍ប្រទេសផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលចុះពិនិត្យនិងព្យាបាលជំងឺនៅក្នុងសង្កាត់ស្វាយរៀងនេះ មានចំនួន សរុប ៨៤នាក់ ព្យាបាលជំងឺទូទៅ មនុស្សចាស់ កូនក្មេង រោគស្ត្រី ភ្នែក ធ្មេញ វះកាត់តូច ឆ្លុះអេកូពោះ អេកូ អវយវៈ អេកូផ្ទៃពោះ និងថតកាំរស្មីអិចសួតផងដែរ។
កម្មវិធីព្យាបាលនេះមានការឧបត្តម្ភពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងលោក ហ៊ុ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាលទ្ធផលការពិនិត្យព្យាបាលជំងឺ និងចាក់វ៉ាក់កូវីដ១៩ បានចំនួនសរុប២៥០នាក់ (ស្រ្តី ១៧៥នាក់)៕