(ត្បូងឃ្មុំ)៖ ក្រោយទឹកទន្លេមេគង្គបន្តហក់ឡើង បណ្តាលជន់លិចភូមិស្ថាន ផ្ទះសម្បែង និងដំណាំរបស់ប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេ ក្នុងស្រុកត្បូងឃ្មុំ ភ្លាមៗលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានណែនាំឱ្យអាជ្ញាធរជម្លៀសបងប្អូនមកកាន់ទីទួលសុវត្ថិភាព ជាបណ្តោះអាសន្ន ក្នុងឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។
ជាក់ស្តែងនាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី ម៉េង វ៉ាន់ដានីន បានដឹកនាំអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត អញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយកាកបាទក្រហមខេត្ត ទៅផ្តល់ជូនដល់គ្រួសារប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ជម្លៀសមកពីឃុំជីរោទិ៍ទី១ ចំនួន៤២គ្រួសារ និងឃុំទន្លេបិទ ចំនួន១០គ្រួសារ សរុបចំនួន៥២គ្រួសារ។
ក្នុងឱកាសនោះលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនទាំងអស់។
លោកបណ្ឌិត ក៏បានណែនាំឱ្យអាជ្ញាធរសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត រៀបចំការរស់នៅរបស់បងប្អូនឱ្យបានល្អ មានបង្គន់អនាម័យ ក្រុមគ្រូពេទ្យ ថ្នាំសង្កូវ និងភ្លើងបំភ្លឺនាពេលយប់ជាដើម។ បន្ថែមពីនេះលោកបណ្ឌិត ក៏បានក្រើនរំលឹក និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ថែរក្សាសុខភាព ពិសេសបងប្អូនរស់នៅតាមដងទន្លេ បង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ។
ចំពោះអំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់គ្រួសារនីមួយៗរួមមាន៖ អង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវ១យួរ ត្រីខ១០កំប៉ុង និងថវិកាចំនួន ២០,០០០រៀល។
ជាមួយគ្នានោះ លោកបណ្ឌិត និងលោកស្រី បានបន្តសំណេះសំណាលចែកថវិកាលើកទឹកចិត្តដល់បងប្អូនកងកម្លាំង និងប្រជាការពារ ក៏ដូចជាចែកនំចំណី ដល់កុមារាកុមារី ដោយក្តីស្រលាញ់ចេញពីបេះដូងយ៉ាងកក់ក្តៅផងដែរ។
សូមជម្រាបថា ទឹកទន្លេមេគង្គក្នុងខេត្តត្បូងឃ្មុំនាថ្ងៃនេះមានកម្ពស់ ១៣.៧៤ម៉ែត្រ ធៀបព្រឹកថ្ងៃម្សិលមិញ ទឹកឡើង ០.២៨ម៉ែត្រ ធៀបនឹងឆ្នាំមុនខ្ពស់ជាង ៣.៧៩ម៉ែត្រ កម្ពស់ទឹកប្រកាសអាសន្ន ១៥.២០ ម៉ែត្រ៕