(ភ្នំពេញ)៖ លោកស្រី Catherine Novelli អនុរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពល និង បរិស្ថាន នឹងធ្វើដំណើរមកទស្សកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី៩-១០ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីលោកស្រី បានបញ្ចប់កិច្ចពិ ភាក្សាលើកទី៨ ផ្នែកសេដ្ឋកិច្ច ជាយុទ្ធសាស្រ្តរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដែលបានធ្វើឡើងនៅទីក្រុងប៉េកាំង។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចថ្ងៃដំបូង គឺនៅថ្ងៃទី៩ ខែមិថុនា លោកស្រី Catherine Novelli  នឹងទៅមើលតំបន់ជម្រកសត្វព្រៃ នៅព្រៃឡង់ ហើយជួបជាមួយក្រុមអនុរក្សព្រៃឈើក្នុងមូលដ្ឋាន ដើម្បីនិយាយ ពីការអនុវត្តច្បាប់ព្រៃឈើ និង សកម្មភាព ដែលមានបំណងកាត់បន្ថយការបរបាញ់សត្វដោយខុសច្បាប់ ការជួញដូរសត្វព្រៃ និងការកាប់ឈើខុសច្បាប់។

ស្ថានទូតអាមេរិក បានបញ្ជាក់ថា ដំណើររបស់លោកស្រី Catherine Novelli  ទៅកាន់តំបន់ជម្រកសត្វព្រៃនៅព្រៃឡង់ ដើម្បីបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការការពារទីជម្រកសត្វព្រៃ ដែលប្រឈមការហិនហោចព្រៃឈើ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី Catherine Novelli ក៏នឹងចូលជួបជាមួយលោក សុខ ចិន្តាសុភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាពីបញ្ហានានាផ្នែកវិនិយោគ និងពាណិជ្ជកម្ម។ លោកស្រីអនុរដ្ឋលេខាធិ ការនឹងចូលរួមផងដែរក្នុងពិធីពិសារភោជនាហារពេលល្ងាច ជាមួយសហគ្រិនជាស្រ្តី។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ស្ថានទូតអាមេរិក។

ដោយឡែកនៅថ្ងៃទី១០ ខែមិថុនា លោកស្រីអនុរដ្ឋលេខាធិការ Novelli នឹងចូលរួមក្នុងក្រុមពិភាក្សា ដើម្បីគូសបញ្ជាក់ពីនយោបាយ ស្ថាប័ន និងភាពជាដៃគូចាំបាច់សម្រាប់កសាងសេដ្ឋកិច្ច ដែលមានវិស័យចម្រុះច្រើន និងមានភាពជឿនលឿននៅកម្ពុជា។ បន្ទាប់មកលោកស្រីនឹងធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីមើលការជួសជុលប្រាសាទភ្នំបាក់ខែង និងប្រាសាទដទៃទៀត ក្រោមជំនួយថវិការបស់សហរដ្ឋអាមេរិក នៅក្នុងសួនឧទ្យានអង្គរ៕