(កំពង់ស្ពឺ)៖ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២ ម្សិលមិញ បានឃាត់ខ្លួនសង្ឃ៣អង្គ ដែលបានធ្វើសកម្មភាពប្លន់យកទូរស័ព្ទ និងបច្ច័យពីព្រះអង្គមួយ។
ហេតុការណ៍ស្ទាក់ប្លន់ទ្រព្យសម្បត្តិសង្ឃនេះ បានកើតឡើងនៅវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧៖៣០នាទីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ព្រះសង្ឃរងគ្រោះព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាម លោក ចន សុភិត អធិការនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា នៅយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព្រះអង្គត្រូវបានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទដៃមួយគ្រឿងម៉ាក iPhone និងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្ត។ ព្រះសង្ឃអង្គនេះ បានបញ្ជាក់ឱ្យដឹងថា ព្រះអង្គត្រូវបានគេវាយបណ្តាលឱ្យប៉ោងមុខ និងជាំភ្នែក។
អធិការបានបន្តថា ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានបើកការស៊ីបអង្កេតឈានដល់កំណត់មុខសញ្ញាសង្ស័យ ហើយបានឃាត់ខ្លួនព្រះសង្ឃ៣អង្គមកសាកសួរក្នុងនោះរួមមាន៖
ទី១៖ ព្រះនាម ផុន មករា ព្រះជន្មអាយុ១៦ព្រះវស្សា
ទី២៖ ព្រះនាម ឌឿន វណ្ណដេតព្រះជន្ម១៦ព្រះវស្សា និង
ទី៣៖ ព្រះនាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សា ដែលគង់បួសរៀននៅវត្តខាងលើ មកកាន់អធិការដ្ឋាន។
លោកបានបញ្ជាក់បន្ថែមថា ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញ ព្រះសង្ឃទាំង៣អង្គនេះ បានសារភាពថា ខ្លួនពិតជាបានក្លែងខ្លួនដោយស្លៀកពាក់ស៊ីវិលធ្វើសកម្មភាពប្លន់ព្រះសង្ឃព្រះនាម វ៉ាត សុខវៀត នោះមែន ហើយពេលប្លន់រួចក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។
ក្រោយទទួលបានចម្លើយសារភាពនេះ កម្លាំងជំនាញក៏បានបញ្ជូនទៅមន្ទីរធម្មការ និងសាសនា ដើម្បីផ្សឹក ហើយបន្តនីតិវិធីច្បាប់៕