(ភ្នំពេញ)៖ មន្ទីរពេទ្យកុមារជាតិ សហការជាមួយអង្គការ KOFIH នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានរៀបចំសន្និសីទរោគកុមារលើកទី៤ ស្តីពី ការផ្លាស់ប្ដូរបទពិសោធន៍នៃការអភិវឌ្ឍគ្លីនិក ក្នុងការថែទាំព្យាបាលទារក និងកុមារ ដើម្បីបង្កើនសមត្ថភាពដក់គ្រូពេទ្យ សំដៅពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់កុមារ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានថ្លែងថា គោលបំណងនៃការរៀបចំសន្និសីទនេះ មិនមែនគ្រាន់តែជាការចែករំលែកពីវាគ្មិនល្បីៗនោះទេ តែផ្ដោតសំខាន់លើការពិភាក្សាផ្លាស់ប្ដូរបទពិសោធន៍ ដែលបានអនុវត្តដើម្បីជួយពង្រឹងសមត្ថភាពកែលម្អចំណុចខ្វះខានគ្នាទៅវិញទៅមក។
លើសពីនោះក៏ជាការបង្កើតឱកាសឲ្យសិក្ខាកាម ដែលបានទទួលការបណ្តុះបណ្តាលពីមន្ទីរពេទ្យកុមារជាតិ បានបង្ហាញពីវឌ្ឍនភាពនៃសមត្ថភាពរបស់ខ្លួន ដែលបានកំពុងយកចិត្តទុកដាក់ប្រឹងប្រែងពង្រឹងគុណភាពសេវា តាមស្ថាប័នដែលខ្លួនកំពុងមានទំនួលខុសត្រូវនិងការរក្សានូវវប្បធម៌ចែករំលែកជួយជ្រោមជ្រែងគ្នាផងដែរ។
លោកសាស្ត្រាចារ្យ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាថែទាំព្យាបាលជូនដល់ប្រជាពលរដ្ឋ ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ មន្ទីរពេទ្យកុមារជាតិតែងបង្កើតនូវកម្មវិធីផ្សេងៗដើម្បីលើកកម្ពស់សុខភាពកុមារតាមរយៈការចែករំលែកនូវចំណេះដឹង ក៏ដូចជាសកម្មភាពនៃការបណ្ដុះបណ្ដាលក្នុងមន្ទីរពេទ្យ និងក្រៅប្រទេស ដើម្បីបង្កើនសមត្ថភាពរបស់បុគ្គលិកសុខាភិបាលយើង។
លោកសាស្ត្រាចារ្យបានបន្តទៀតថា ក្រសួងសុខាភិបាលបានផ្ដល់លទ្ធភាព និងឱកាសឲ្យមន្ទីរពេទ្យកុមារជាតិចូលរួមយ៉ាងសកម្មក្នុងការវិវត្តគុណភាពសេវាកម្មភិបាល និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកទាំងចំណេះដឹងជំនាញ និងឥរិយាបថប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ រហូតក្លាយជាគ្រូបង្គោលថ្នាក់ជាតិ ដែលអាចផ្ដល់ការបង្ហាត់បង្រៀនបន្តដល់ក្រុមគ្រូពេទ្យ រៀនរូបថាឆ្មបតាមបណ្ដាលខេត្តនានា និងចូលរួមជាសមាជិកគន្លឹះជាមួយក្រសួងសុខាភិបាល ក្នុងការរៀបចំចងក្រងការណែនាំជាតិនីតិវិធីប្រតិបត្តិការស្តង់ដារ និងការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាថ្នាក់ជាតិនៃជំនាញផ្សេងៗក្នុងវិស័យសុខាភិបាលផងដែរ ជាពិសេសបានចូលរួមយ៉ាងសកម្មជំនួយក្រសួងសុខាភិបាល ក្នុងកម្មភាពទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កន្លងមក។
លោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានសម្ដែងនូវមោទនភាពចំពោះថ្នាក់ដឹកនាំបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យកុមារជាតិ ដែលមានគំនិតផ្តួចផ្តើមថ្មីៗជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការរៀបចំសន្និសីទនេះឡើង ក្នុងការលើកកម្ពស់ និងជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត សម្រាប់បុគ្គលិកសុខាភិបាលតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍នៃការអនុវត្តគ្លីនិក រវាងថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីបង្កើនចំណេះដឹងនិងជំនាញគ្លីនិក ក្នុងការផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពប្រសិទ្ធភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងការចងភ្ជាប់នូវទំនាក់ទំនងរវាងគ្នា និងគ្នាក្នុងវិស័យសុខាភិបាលតែមួយ។
លោកសាស្ត្រាចារ្យបានបន្តថា នេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់លើការជួយពង្រឹងសមត្ថភាពអ្នកផ្ដល់សេវាសុខាភិបាល តាមរយៈការបណ្តុះបណ្តាលបន្ត និងទំនាក់ទំនងល្អជាសហភាតរៈ ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល និងគោលនយោបាយរបស់រដ្ឋាភិបាល។ ជាងនេះទៀតក៏បង្ហាញឱ្យឃើញមន្ទីរពេទ្យកុមារជាតិ បានយកចិត្តទុកដាក់លើកម្ពស់ទាំងគុណភាពសុវត្ថិភាព វប្បធម៌ សហភាតរៈចំណងសាមគ្គីភាព និងផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកតាមជំនាញឯកទេសនីមួយៗក្នុងវិជ្ជាជីវៈសុខាភិបាលតែមួយ ហើយក៏បង្ហាញឲ្យឃើញពីការរួបរួមសាមគ្គីគ្នាយ៉ាងសស្រាក់សស្រាំ ក្នុងការស្វែងយល់ និងរៀនសូត្រពីគ្នាទៅវិញទៅមក ដែលជាវប្បធម៌ចែករំលែកប្រកប ដោយសន្តិភាព នឹងឈានទៅរកការអភិវឌ្ឍនិងឈ្នះទាំងអស់គ្នា។
លោកសាស្ត្រាចារ្យបានបន្តទៀតថា «ខ្ញុំពិតជាចង់ឃើញសកម្មភាពបែបនេះកើតឡើងគ្រប់ទីកន្លែង សហភាតរៈក្នុងវិស័យសុខាភិបាល និងអ្នកពាក់ព័ន្ធផ្សេងទៀតរួមសហការសិក្សាស្វែងយល់ពីគ្នាបែបនេះ»។
លោកសាស្ត្រាចារ្យបានបន្ថែមថា ភាពលេចធ្លោរបស់មន្ទីរពេទ្យកុមារជាតិ ដែលជួយកសាងធនធានមនុស្សក្នុងភាសាបាលតាមរយៈការបណ្ដុះបណ្ដាល ដែលមិនត្រឹមតែជួយអភិវឌ្ឍក្នុងស្ថាប័នរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចែករំលែកដល់ថ្នាក់ខេត្ត និងថ្នាក់ក្រោមជាតិដាក់ក្រោមក្រោមទៀតផងនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការដឹកនាំប្រក បដោយចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់លើការអភិវឌ្ឍពិតប្រាក ដដែលគួរតែជាគំរូដ៏ល្អក្នុងការដឹកនាំដោយសន្តិភាពនិងរីកចម្រើន។
លោក គីម សាំងយ៉ុន ប្រធានអង្គការ KOFIH ប្រចាំកម្ពុជា សង្ឃឹមថា តាមរយៈសន្និសិទនេះនឹងចូលរួមចំណែកក្នុងការបង្កើនជំនាញ និងចំណេះដឹងលើមុខវិជ្ជាគ្លីនិកផ្សេងៗ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ពិសេសសម្រាប់អ្នកជំនាញវេជ្ចសាស្ត្រវ័យក្មេងនេះ ជាឱកាសដ៏ល្អក្នុងការចាប់យកចំណេះដឹង និងបច្ចុប្បន្នភាពទៅលើចំណេះដឹងរបស់ពួកគេកាន់តែប្រសើរថែមទៀត៕