(ភ្នំពេញ)៖ បន្ទាប់ពីការចុះផ្សាយអំពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ កូតាខាងគណបក្សសមរង្ស៊ី ទម្លាយព័ត៌មានថា ក្រោមស្នាដៃ លោក កឹម សុខា ឥឡូវនេះបក្សសង្គ្រោះជាតិ CNRP ទាំងមូលគឺបានធ្វើដំណើរមកដល់របត់នៃស្ថានភាពដ៏គ្រោះថ្នាក់។ ក្នុងប្រវត្តិនៃសម្ព័ន្ធភាពរវាង សម រង្ស៊ី និង កឹម សុខា ហើយឥឡូវនេះដោយសារតែលោក កឹម សុខា គឺបង្កើតឲ្យមានបរិយាកាស៖ ហួសចិត្តបំផុត ខកចិត្តបំផុត ការអស់មនោសញ្ចេតនានឹងគ្នាបំផុត និងការអស់ទឹកចិត្តធ្ងន់ធ្ងរបំផុតនៅផ្ទៃក្នុងបក្សសង្គ្រោះជាតិ ដែលមានអាយុជិត៤ឆ្នាំ រួចហើយនោះ, នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ អ្នកតាមដាន ស្ថានការនយោបាយ និងជាមិត្តអ្នកអានផងនោះបានផ្ញើលិខិតជាទស្សនមតិរបស់ខ្លួន ដោយបានរៀបរាប់អំពីបញ្ហាហែកហួរគ្នារវាងមេដឹកនាំទាំងពីរ នៃគណបក្សសង្គ្រោះជាតិ។ ខាងក្រោមនេះជាអត្ថន័យទាំងស្រុង៖

 

ខ្ញុំបានមើលឃើញថា បន្ទាប់ពីមន្ត្រីគណបក្ស CNRP មកពីកូតាសមរង្ស៊ីបានរិះគន់ លោក កឹម សុខា ថាបង្កើតគ្រោះថ្នាក់ធំបំផុត ឱ្យលោក សម រង្ស៊ី និងបំផ្លាញវាសនាបក្សទាំងមូលនោះ ដែលការទម្លាយព័ត៌មានបែបនេះ ត្រូវបានគេដឹងថា បណ្តាលមកពីមន្ត្រីខាងបក្សសមរង្ស៊ី មិនពេញចិត្ត និងអ្វីដែលលោក កឹម សុខា កំពុងតែធ្វើ។ មន្ត្រីរបស់លោក សម រង្ស៊ី ដែលមិនហ៊ានបញ្ចេញឈ្មោះនោះ បានវាយប្រហារលើលោក កឹម សុខា ធ្ងន់ៗដោយបានចោទប្រកាន់ថា ក្រោមស្នាដៃ លោក កឹម សុខា ឥឡូវនេះបក្ស CNRP ទាំងមូល គឺបានធ្វើដំណើរមកដល់របត់នៃស្ថានភាពដ៏គ្រោះថ្នាក់បំផុតហើយ។

មន្រ្តីគណបក្សសង្រ្គោះជាតិខាងកូតាសមរង្ស៊ី បានលើកឡើងថា លោក សម រង្ស៊ី ហួសចិត្ត ខកចិត្ត រហូតស្ទើរតែលែងនិយាយអ្វីទាំងអស់ ចំពោះលោក កឹម សុខា។ គេកត់សំគាល់ថា លោក សម រង្ស៊ី លែងនិយាយមែន ! ទង្វើរបស់លោក កឹម សុខា មិនត្រឹមបំផ្លាញក្តីស្រមៃ និងការខិតខំរបស់លោក សម រង្ស៊ី ជាង២០ឆ្នាំមកនេះប៉ុណ្ណោះទេ តែបំផ្លាញបក្សទាំងមូលតែម្តង។ ក្រៅពីនេះមន្ត្រីរូបនោះ ក៏បានរិះគន់ នូវចំណុចអាក្រក់ៗជាច្រើនរបស់លោក កឹម សុខា ដូចជារឿងបក្ខពួកនិយម គ្រួសារនិយម សម្ភារៈនិយម តណ្ហាក្រាស់ មានបំណងក្តោបក្តាប់អំណាចម្នាក់ឯង និងបង្កើតតែរឿងអាស្រូវ ដែលប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះបក្សជាដើម។

ដោយប្រកាន់យកគំនិតម្តងគេ ម្តងយើងនោះ គ្នីគ្នារបស់លោក កឹម សុខា ក៏មិនព្រមនៅស្ងៀមឱ្យមន្ត្រីលោក សម រង្ស៊ី រិះគន់មេកើយរបស់ខ្លួនតាមចិត្តដែរ ហើយដើម្បីបញ្ចេញកំហឹងតបត នឹងការប្រហាររបស់មន្ត្រីខាងលោក សម រង្ស៊ី វិញ គេឃើញអត្ថបទមួយ ចុះផ្សាយដោយ VOD ដែលគេដឹងថា ជាស្ថាប័នព័ត៌មានរបស់លោក កឹម សុខា នោះ បានទម្លាយចេញនូវអត្ថបទ ក្នុងប្រភេទជាលិខិតមិត្តអ្នកអាន ដែលបានស្តែងឱ្យឃើញពីការមិនពេញចិត្ត នូវអាកប្បកិរិយារបស់លោក សម រង្ស៊ី កន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។ ក្នុងអត្ថបទនោះ បានរិះគន់ និងដៀលលោក សម រង្ស៊ី ធ្ងន់ៗមិនចាញ់អ្វីដែលមន្ត្រីសមរង្ស៊ី ហែកកេរ្តិ៍កឹម សុខា នោះទេ។ អ្នកសរសេរបានលើកពីការគ្មានភក្តីភាពរបស់ លោក សម រង្ស៊ី និងចរឹតកំសាករបស់គាត់ ដោយគេបាននិយាយថា សម រង្ស៊ី ធ្លាប់បានប្រកាសដើរចូលពន្ធនាគារជាមួយលោក កឹម សុខា ប្រសិនណាបើតុលាការចាប់ខ្លួនអនុប្រធានគណបក្ស។
ប៉ុន្តែឥឡូវនេះ លោក កឹម សុខា កំពុងប្រឈមនឹងការចាប់ខ្លួន យើងមិនទាន់ឃើញលោក សម រង្ស៊ី ត្រឡប់មករួមសុខរួមទុក្ខជាមួយនៅឡើយទេ។ អ្នកសរសេរអត្ថបទនេះ បានលើកឡើងដោយអន់ចិត្តយ៉ាងខ្លាំងថា ការចាប់ខ្លួនតំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន បានបំផុសឱ្យមានស្តង់ដារពីររួច ទៅហើយ រវាងការនិរទេសខ្លួនរបស់ប្រធានបក្ស និងការចូលឱ្យចាប់ខ្លួន របស់សមាជិកបក្ស ដែលមានន័យថា មេបក្សត្រូវតែរួចខ្លួនជានិច្ច ហើយកូនចៅ រឺអ្នកដែលមានឋានៈទាបជាងមេបក្ស ត្រូវតែជាប់គុក។

ម្ចាស់អត្ថបទនេះបានបន្ថែមថា លោក សម រង្ស៊ី និង កឹម សុខា តាំងពីបង្កើតគណបក្សសង្គ្រោះជាតិ នៅឆ្នាំ២០១២មក តែងព្យាយាមពន្យល់ម្ចាស់ឆ្នោតថា ពួកគេទាំងពីរ គឺតែមួយ ប៉ុន្តែតាមពិតទៅពួកគេទាំងពីរ គឺមានចរឹត និងសកម្មភាពខុសគ្នាទាំងស្រុង។ នៅឆ្នាំ២០០៥ កាលនៅជាប្រធានមជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា លោក កឹម សុខា ធ្លាប់ជាប់ពន្ធនាគារ ដោយសាររិះគន់ការចុះហត្ថលេខាលើ សន្ធិសញ្ញាព្រំដែនកម្ពុជា-វៀតណាម នៅឆ្នាំ១៩៨៥ លោក សម រង្ស៊ី វិញ នៅឆ្នាំ២០០៦ ដើម្បីបានចូលស្រុក សុខចិត្តបំផុសគំនិត និងចូលរួមធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ពីការបង្កើតរដ្ឋាភិបាល ដោយសំឡេង២/៣ មក៥០បូក១ ដែលប៉ះពាល់ដល់គោលការណ៍ប្រជាធិបតេយ្យ ប៉ុន្តែគាត់មិនគិតទេ ឱ្យតែខ្លួនបានចូលស្រុកវិញ ហើយនៅឆ្នាំ២០០៨ បានរត់ចោលស្រុកនៅក្នុងសំណុំរឿង ដកបង្គោលព្រំដែននៅខេត្តស្វាយរៀង។

អ្នកសរសេរអត្ថបទ ដែលគេអាចសន្និដ្ឋានបានថា ជាមនុស្សម្នាក់ក្នុងក្រុមរបស់លោក កឹម សុខា ក៏បានលើកឡើងពីការខ្វែងគំនិត និងការចងគំនុំគ្នា រវាងមេបក្សទាំងពីរ ដែលកើតចេញពីទង្វើបំពានតំលៃគ្នា តាមរយៈការសម្រេចចិត្តចរចា នៅក្នុងវប្បធម៌សន្ទនា រវាងលោក ហ៊ុន សែន ជាមួយលោក សម រង្ស៊ី ដែល លោក សម រង្ស៊ី គ្មានបានសាកសួរយោបល់បន្តិចសោះ ពីលោក កឹម សុខា ដែលជាអនុប្រធានរបស់គាត់។

តាមរយៈឥរិយាបថហែកហួរ រិះគន់ និងចោទប្រកាន់គ្នាទៅវិញទៅមក រវាងក្រុមទាំងពីរ ដែលស្ថិតក្នុងគណបក្សតែមួយនៅពេលនេះ គឺបានលាតត្រដាង ឱ្យឃើញថា សម្រាប់មេដឹកនាំទាំងពីររូប នៃគណបក្សប្រឆាំង គឺពួកគេមានជំនាញដែលប្រសព្វមួយដូចគ្នា គឺរិះគន់ វាយប្រហារ និងទម្លាក់កំហុស ឱ្យគ្នាទៅវិញទៅមក ដែលឥរិយាបថនេះ វាមិនខុសអី ពីការប្រើទៅលើរដ្ឋាភិបាលនោះទេ។ ពោលគឺពួកគេទាំងពីរក្រុម មានភាពប៉ិនប្រសព្វដូចគ្នា នៅក្នុងជំនាញហែកហួរនេះ ប៉ុន្តែទោះជាយ៉ាងណា ចង់រឺមិនចង់ ពេលនេះ កឹម សុខា កំពុងត្រូវបានអ្នកគាំទ្រមើលឃើញថា ក្លាហានជាង សម រង្ស៊ី ឆ្ងាយណាស់ ព្រោះហ៊ានប្រឈមនឹងការពិត ដោយមិនរត់ចោលស្រុកបែបកំសាកដូចសមរង្ស៊ី៕