(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានលើកឡើងថា គណបក្សសង្រ្គោះជាតិ នឹងនៅតែរក្សាការប្រកាន់ខ្ជាប់ នូវគោលនយោបាយអហិង្សា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ដែលគោលនយោបាយនេះ ត្រាប់តាមមាគ៌ារបស់ព្រះសម្មាសម្ពុទ្ធ។
លោក កឹម សុខា ដែលកំពុងប្រឈមចំពោះមុខច្បាប់ដោយបទល្មើស មិនចូលខ្លួនតាមការកោះហៅរបស់តុលាការ ក្នុងនាមជាសាក្សីក្នុងសំណុំរឿងសញ្ជារកម្ម បានប្រកាសបែបនេះម្តងទៀត នៅក្នុងពិធីសូត្រមន្ត និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ១២៣អង្គ នៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកថា «គណបក្សសង្រ្គោះជាតិ ធ្វើពិធីសាសនានៅថ្ងៃនេះ គឺដើម្បីបញ្ជាក់ថា មាគ៌ានយោបាយរបស់គណបក្សសង្រ្គោះជាតិជាតិ គឺប្រកាន់ខ្ជាប់នូវ គោលនយោបាយអហិង្សា... ដូចដែលព្រះសម្មាសម្ពុទ្ធព្រះអង្គ តែងប្រៀនប្រដៅយើងគ្រប់គ្នា ដើម្បីដោះស្រាយបញ្ហា គឺដោះដោយបញ្ញា ដោះស្រាយដោយអហិង្សា នេះហើយដែលយើងថ្នាក់ដឹកគណបក្សសង្រ្គោះជាតិ ត្រាប់តាមឱវាទនេះ»។
ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រទេសកម្ពុជាពេលនេះ ពុំមាននយោបាយដូចអ្វី ដែលគណបក្សប្រឆាំងលើកឡើងនោះទេ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជាបច្ចុប្បន្ននេះ មិនមានវិបត្តិនយោបាយ ឬវិបត្តិអ្វីកើតឡើងនោះទេ ហើយថាការដែលជនមួយចំនួន លើកឡើងថា វិបត្តិនោះ មិនមែនវិបត្តិរបស់កម្ពុជាទេ គឺជាវិបត្តិផ្ទាល់ខ្លួនរបស់គេ។
សម្តេចថ្លែងយ៉ាងដូច្នេះថា «កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអ្វីមួយកើតឡើងទេ អ្នកដែលនិយាយពីវិបត្តិ រឿងរបស់គេទេ គេបង្កើតដោយខ្លួនគេ អាហ្នឹងរឿងរបស់គេខ្ញុំអត់ទទួលខុសត្រូវទេ ឯខ្ញុំទទួលខុសត្រូវទៅលើបញ្ហាទាំងឡាយ ដែលវាពាក់ព័ន្ធទៅនឹងការការពារសន្តិភាព ការពារស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការពារសម្រាប់ការអភិវឌ្ឍ និងភាពរីកចំរើនរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាជន»៕