(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការត្រួត្យពិនិត្យ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការ ត្រួត្យពិនិត្យបានណែនាំ ឲ្យក្រុមការងារត្រូវចេះសហការគ្នា ក្នុងការអនុវត្តការងារ ដោយត្រួតពិនិត្យទំនិញនាំចូល មកលក់និងចែកចាយ តាមទីផ្សារ ដែលហួសកាលបរិច្ឆេទកំណត់ ដោយមិនមានការកោសលុប រឺមានការប៉ះទង្គិចឡើយ។
លោក គង់ វិមាន បានបន្តថា «ត្រូវត្រួតពិនិត្យឯកសារនាំចូល គ្រប់ទំនិញទាំងអស់ មានការអនុញ្ញាតពីសាខាគយតាមច្រកនាំចូល ហើយឬនៅមុនពេលដាក់ចុះមក លក់តាមស្តង់ តើសម្ភារៈទំនិញមានប៉ុន្មាន និងក្រោយបញ្ចប់ការលក់ នៅសល់ប៉ុន្មានដោយ មានរបាយការណ៍ជាក់ ក្នុងការត្រួតពិនិត្យឃើញ ថាមានមិនប្រក្រតី សមត្ថកិច្ច មានសិទ្ធិបញ្ឈប់ ក្នុងការលក់និងដកហូតយកទៅ កំទេចចោលរឺក៏ធ្វើការផាកពិន័យបន្ថែមទៀត ទៅលើបុគ្គលដែលបានប្រព្រឹត្តិបទល្មើស»។
ការលើកឡើងរបស់លោក គង់ វិមាន បានធ្វើឡើងនៅក្នុង កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ និងរឹតបណ្តឹងការនាំ ចូលផលិតផលហួស គុណភាពពីប្រទេសជិតខាងក្នុង ការតាំងលក់ជូនប្រជាពលរដ្ឋខេត្តកំពង់ធំ។ ពិធីនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ ២០១៦ ដោយមានការអញ្ជើញចូលរួមផងដែរ ពីមន្រ្តីកាំកុងត្រូលខេត្ត។
ក្រៅពីការប្រជុំខាងលើនេះ លោក គង់ វិមាន បានដឹកនាំក្រុមការងារ ចុះផ្ទាល់នៅទីលានស្តាតចាស់ ក្នុងក្រុងស្ទឹងសែន ដែលមាន តាំងលក់ ក្នុងកម្មវិធីតាំងពិពណ៌ ពាណិជ្ជកម្ម ដោយត្រួតពិនិត្យទៅលើសម្ភារៈដូចជាម្ស៉ៅ ទឹកអប់ ឡេ សាប៊ូ ភេសជ្ជៈនានា និងម្ហូបចំណី អាហារនិងពិនិត្យលើលិខិតស្នាមការចូលមក ស្នាក់នៅជាដើម ក្នុងការត្រួតពិនិត្យក្រុមការងារ បានប្រទះឃើញភេសជ្ជៈមួយចំនួនដែល បានដាក់លក់ហួសកាលបរិច្ឆេទកំណត់ តែត្រូវបានដកហូតមិនឲ្យលក់បន្តទៀត។
លោកក៏បាន ផ្តាំផ្ញើដល់តំណាងអាជីវករថា ព្រះរាជាណាចក្រកម្ពុជា មានច្បាប់ត្រឹមត្រូវសូមឲ្យគោរពច្បាប់របស់កម្ពុជាប្រសិនណាមាន ការតាំងលក់លើកក្រោយទៀត ពិនិត្យទៅឃើញថាមានភាពមិនប្រក្រតីអាជ្ញាធរ និងធ្វើការដកហូត ហើយផ្តន្ទាទោសតាមច្បាប់ ក្នុងនោះដែរ៕