(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង នាល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៣០គ្រួសារ នៅក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ថ្លែងក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានលើកឡើងថា យោងតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យសាខាត្រូវតែគិតគូរយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកឱ្យនរណាម្នាក់រងទុក្ខវេទនា ដោយសារមិនបានគិតគួរនោះឡើយ។
សាខាកាកបាទក្រហមកម្ពុជាខេត្ត បានរៀបចំផ្តល់អំណោយមនុស្សធម៌ ជូនដល់ប្រជាពលរដ្ឋ ចំនួន ៣០ គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥ គីឡូក្រាម មី០១កេស ត្រីខ០១យួរ និងទឹកត្រី០១យួរ ទឹកសុទ្ធចំនួន ០២ យួរ និង ថវិកា ចំនួន ០៥ ម៉ឺនរៀល។
ឆ្លៀតក្នុងឱកាសនោះ លោកបានផ្ដាំផ្ញើ និងអំពាវនាវដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារជំងឺរាតត្បាតផ្សេងៗ ជាដើម៕