(ស្វាយរៀង)៖ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យទីតាំងលេងល្បែងបក្សីកីឡា (ជល់មាន់) ក្រោយពីមានព័ត៌មានមួយចំនួនបានចុះផ្សាយថា កាស៉ីណូ New World មានបង្កប់ល្បែងជល់មាន់ ល្បែងអនឡាញ បៀរអាប៉ោង ឱ្យពលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យ។ កាស៉ីណូនេះ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។
លោក ម៉ែន អេង បានឲ្យដឹងថា ក្រោយការចុះត្រួតពិនិត្យក្រុមការងារបានពិនិត្យឃើញថា៖
*១៖ ទីតាំងល្បែងបក្សីកីឡា (ជល់មាន់) ស្ថិតនៅខាងក្នុងបរិវេណកាស៉ីណូ New World ដែលមានក្រុមហ៊ុនឈ្មោះ ASEAN INTERNATIONAL RESORT Co.,LTD
*២៖ ក្រុមហ៊ុនកាស៉ីណូ New World មានអាជ្ញាបណ្ណត្រឹមត្រូវ ដែលមានសុពលភាពរហូតដល់ឆ្នាំ២០២៦ ចេញដោយអគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា
*៣៖ ទីតាំងល្បែងបក្សីកីឡា ពុំមានពលរដ្ឋខ្មែរចូលលេង ដូចជាការចុះផ្សាយទេ
*៤៖ អ្នកគ្រប់គ្រងទីតាំងល្បែងបក្សីកីឡា បានបញ្ជាក់ថា ពុំអនុញ្ញាតឲ្យជនជាតិខ្មែរចូលលេងទេ ហើយក្រុមហ៊ុនបានបិទបម្រាមនៅទីតាំងរបស់ខ្លួន ប៉ុន្តែនៅទីតាំងរបស់ខ្លួនមានបុគ្គលិកបម្រើការងារជាជនជាតិខ្មែរ
*៥៖ ក្រុមការងារបានធ្វើកិច្ចសន្យា អប់រំណែនាំ ទៅអ្នកគ្រប់គ្រង ដោយហាមមិនអនុញ្ញាតជនជាតិខ្មែរចូលលេងល្បែងទេ បើមានសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕