(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានអំពាវនាវដល់ក្រុមហ៊ុន សហគ្រាសឯកជន ព្រមទាំងប្រជាពលរដ្ឋត្រូវចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះអាយុជីវិតពលរដ្ឋដែលមានតម្រូវការឈាម។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានឱ្យដឹងថា មជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមជ្ឈមណ្ឌលផ្តល់ឈាមមួយដែលមានលក្ខណៈស្តង់ដារ ដែលឈាមឈានមុខគេ ក្នុងចំណោមមជ្ឈមណ្ឌល ៥ក្នុងប្រទេសកម្ពុជា ដែលមានការទទួលស្គាល់គុណភាព។ មជ្ឈមណ្ឌលនេះក៏ទទួលបាននូវការជួយគាំទ្រពីអង្គការដៃគូ និងកម្មវិធីជាតិ ដែលអាចឱ្យមានសំណង់មួយមានលក្ខណស្តង់ដារមជ្ឈមណ្ឌលផ្តល់ឈាម និងមានការបំពាក់ឧបករណ៍តាមលក្ខណៈស្តង់ដារមជ្ឈមណ្ឌលផ្តល់ឈាម ដូចជា៖ ឧបករណ៍ការបែងចែកឈាម សមាសភាពឈាម ការធ្វើតេសឈាម និងរក្សាទុកឈាមក្នុងការប្រើប្រាស់។ ម
ជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមជ្ឈមណ្ឌលផ្តល់ឈាមមួយដែលមានសុវត្ថិភាពបំផុត សម្រាប់ការព្យាបាលទៅលើអ្នកជំងឺដែលខ្វះឈាម និងត្រូវការការចាក់បញ្ចូលឈាមភ្លាមៗ។ មជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបញ្ចប់ការសាងសង់នៅឆ្នាំ២០១៦ ក្រោមជំនួយរបស់ស្ថានទូតអាមេរិក និងការបំពាក់ឧបករណ៍ដោយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ព្រមទាំងមានការគាំទ្របច្ចេកទេស ដោយកាកបាទក្រហមអូស្ត្រាលី។
លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ បានបន្តទៀតថា ក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប មានវឌ្ឍនភាពការងារជាច្រើន ដោយមានលទ្ធភាពខ្ពស់ក្នុងការព្យាបាលអ្នកជំងឺធ្ងន់ អ្នកជំងឺសង្គ្រោះបន្ទាន់ ដោយមានមជ្ឈមណ្ឌលផ្តល់ឈាម ផ្នែកវះកាត់ និងសម្ភព ដែលមានដំណើរការល្អ ដូច្នេះហើយទើបមន្ទីរពេទ្យបង្អែកខេត្តសៀមរាបកំពុងដើរតួនាទីជាមន្ទីរពេទ្យថ្នាក់តំបន់ ដោយជួយព្យាបាលពលរដ្ឋក្នុងខេត្តសៀមរាប ក៏ដូចជាជួយព្យាបាលពលរដ្ឋនៅជុំវិញខេត្តសៀមរាប មានដូចជា កំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង ដែលតែងតែបញ្ជូនករណីធ្ងន់មកព្យាបាល។ មជ្ឈមណ្ឌលផ្ដល់ឈាមមានតួនាទីសំខាន់ ពីព្រោះការវះកាត់ធំ សង្គ្រោះបន្ទាន់ ករណីធ្ងន់ៗជាដើម ទាមទារនូវការប្រើឈាមច្រើន។ ការណ៍នេះអាចដំណើរការទៅបានដោយសារមានមជ្ឈមណ្ឌលផ្តល់ឈាម មានលទ្ធភាពក្នុងការផ្តល់ឈាម ដោយបានទទួលឈាមពីការបរិច្ចាគឈាមពីសប្បុរសជន ក៏ដូចជាក្រុមគ្រួសារអ្នកជំងឺ។
ដោយឡែក ចំពោះទិន្នន័យឈាមដែលបានទទួលបានពីអ្នកបរិច្ចាគ និងបានប្រើប្រាស់បច្ចុប្បន្ននេះ មានត្រឹម៤៥ភាគរយប៉ុណ្ណោះ បានមកពីអ្នកបរិច្ចាគដោយស្ម័គ្រចិត្ត ហើយឈាម៥៥ភាគរយទៀតទទួលបានពីក្រុមគ្រួសារអ្នកជំងឺ ដែលហៅថា ការបរិច្ចាគជួស។ ចំណែកនៅប្រទេសផ្សេងៗទៀត ឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្ត មានជាង៩០ភាគរយ ហើយនៅប្រទេសខ្លះបានដល់៩៩ភាគរយ ឬឈានដល់១០០ភាគរយផងដែរ។
ទន្ទឹមនឹងនោះដែរ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលមានសុខភាពល្អ ចូលរួមមកបរិច្ចាគឈាមជារៀងរាល់ថ្ងៃ និងទៀងទាត់ ទើបការប្រើប្រាស់ឈាមមាននិរន្តរភាព និងកាត់បន្ថយការឲ្យសាច់ញាតិ ក្រុមគ្រួសារអ្នកជំងឺបរិច្ចាគជួស ព្រោះការបរិច្ចាគជួសវាមានលក្ខណដូចបង្ខំ ហើយគាត់ក៏មិនបានគិតគូរពីបញ្ហាសុខភាពជាមិនដែរ។
ជាមួយនេះដែរ អ្នកស្រីវេជ្ជបណ្ឌិត ឆាយ គឹមឈន ប្រធានមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះឈាមដែលទទួលបានពីការបរិច្ចាគអាចទុកបានរយៈពេលជាង១ខែ ប៉ុន្តែអាយុឈាមគឺមានរយៈពេល៣ខែ ហើយក្រោយទទួលបាន ជាសមាសភាពឈាម និងដកឈាមសចេញ ព្រោះឈាមអាចបង្កឱ្យមានការក្តៅខ្លួន ឬញាក់ និងញែកឈាមជា៣ប្រភេទ គ្រាប់ឈាមក្រហម ផ្លាតាលែត និងផ្លាស់ស្មា។ ក្នុងមួយថ្ងៃមន្ទីរពេទ្យត្រូវការឈាម២០ ទៅ៣០ផ្លោក ហើយនៅថ្ងៃអនាគតនឹងមានតម្រូវការច្រើនជាងនេះទៀតផងដែរ៕