(ភ្នំពេញ)៖ បន្ទាប់ពីប្រកាសថា មានជនខិលខូចបន្លំលក់សំបុត្រ ក្លែងក្លាយកាលពីម្សិលមិញ នៅព្រឹកនេះ សហព័ន្ធកីឡា បាល់ទាត់កម្ពុជា (FFC) បានត្រៀមរៀបចំស្តង់មួយកន្លែង នៅក្បែរជណ្ដើរទេរភាគខាងជើងពហុកីឡដ្ឋានជាតិ ដើម្បីជួយផ្ទៀងផ្ទាត់សំបុត្រជូនអ្នកគាំទ្រដែលមិនច្បាស់ ឬសង្ស័យថា សំបុត្រទិញពីឈ្មួញកណ្ដាលពិត ឬក្លែងក្លាយ មុននឹងចូលក្នុងពហុកីឡដ្ឋានជាតិ។
FFC បានជូនដំណឹងលើ Facebook ផ្ទាល់ខ្លួននាព្រឹកនេះថា «ដើម្បីជៀសវាងករណីបងប្អូនកាន់សំបុត្រក្លែងក្លាយ ដោយមិនដឹងខ្លួន ហើយមានបញ្ហានៅច្រកចូល នៅពេលអ្នកពិនិត្យសំបុត្រ ស្វែងរកឃើញសំបុត្រក្លែងក្លាយ សូមមកស្តង់នេះ ដើម្បីបញ្ជាក់ពីប្រភពសហព័ន្ធកីឡាបាល់ទាត់កម្ពុជា»។
ទន្ទឹមជាមួយគ្នានេះដែរ ពីម្សិលមិញសហព័ន្ធក៏បានញ្ជាក់ដែរថា «ចំពោះអ្នកបានទិញចំសំបុត្រក្លែងក្លាយពីឈ្មួញ កណ្តាល ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់សហពន្ធ័ យើងខ្ញុំមិនទទួលខុសត្រូវឡើយ ហើយអ្នកដែលប្រើប្រាស់ សំបុត្រក្លែងក្លាយ នឹងមិនអនុញ្ញាតឲ្យចូលទស្សនា ហើយថែមទាំងធ្វើការឃាត់ខ្លួនបុគ្គលនោះធ្វើការ ដោះស្រាយទៅតាមផ្លូវច្បាប់ទៀតផង»។
ទន្ទឹមគ្នានោះដែរ ដើម្បីសម្រួលដល់អ្នកគាំទ្រគ្មានសំបុត្រចូលទស្សនា ពីប្រកួតដ៏ជក់ចិត្តរវាងក្រុមគោព្រៃកម្ពុជា ប៉ះចិនតៃប៉ិ ក្រុមការងារទូរទស្សន៍ BTV-News នឹងរៀបចំការចាក់បញ្ចាំងផ្ទាំង LED នៅក្នុងបរិវេណពហុកីដ្ឋានជាតិ ដើម្បីផ្ដល់ឱកាសឲ្យអ្នកគាំទ្រ គ្មានសំបុត្របានទស្សនាជុំគ្នា និងបញ្ចៀសការផ្លោះរបងទៀតផង៕