Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹកព្យាករណ៍ថា នៅរសៀលថ្ងៃនេះ មានភាគរយភ្លៀងធ្លាក់ខ្ពស់, សូមឲ្យអ្នកចូលរួមទស្សនាបាល់ទាត់ត្រៀមអាវភ្លៀង ចៀសវាងផ្អើលអាចមានគ្រោះថ្នាក់

07-06-2016 10:52

(ភ្នំពេញ)៖ នៅវេលាម៉ោង៧យប់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ នឹងមានព្រឹត្តិការណ៍ប្រកួតបាល់ទាត់ វគ្គជម្រុះពានរង្វាន់ប្រចាំទ្វីបអាសីុ AFC Asian Cup 2019 ជើងទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ប៉ះក្រុមជម្រើសជាតិចិនតៃបិុ (China Taipei) នៅពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដែលគេរំពឹងថា នឹងមានអ្នកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។

ជាមួយចំនួនមនុស្សរាប់មឺុននាក់​​ ដែលនឹងចូលរួមទស្សនាការប្រកួតបាល់ទាត់នាព្រលប់ថ្ងៃនេះ ខាងក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍ថា នៅរសៀលថ្ងៃនេះ ភាគរយនៃការធ្លាក់ភ្លៀង នឹងកើតឡើងខ្ពស់ ដូច្នេះក្រសួងធនធានទឹក សូមជូនដំណឹងទុកជាមុន ដើម្បីឲ្យអ្នកចូលរួមទស្សនា អាចត្រៀមអាវភ្លៀង ចៀសវាងការផ្អើកឈូរឆរ អាចនាំឲ្យមានគ្រោះថ្នាក់ ពីព្រោះតែចំនួនមនុស្ស ច្រើនពេក ហើយអាចនាំគ្នារត់នៅពេលមេឃធ្លាក់ភ្លៀង។

លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា «បញ្ហាសំខាន់គឺទាញអារម្មណ៍ឲ្យបានដឹងមុន ព្រោះមនុស្សពេញស្តាត បើផ្អើលនឹងភ្លៀងធ្លាក់ដំបូងហើយរត់ឈូរឆរ យើងមិនដឹងថា មានអ្វីខ្លះត្រូវកើតឡើងទេ ម្យ៉ាងវិញទៀត សម្រាប់រាជធានីភ្នំពេញ នឹងមានភាគរយនៃការភ្លៀងខ្ពស់ នៅរសៀលនេះ»

លោក ចាន់ យុត្ថា បានថ្លែងថា បើគ្មានភ្លៀង គឺជាធម្មតា តែតាមការព្យាករណ៍នោះ បង្ហាញថា នឹងមានភ្លៀងធ្លាក់ ចឹងគួរអ្នកចូលរួមទស្សនាកុំភ្ញាក់ផ្អើល នាំគ្នារត់ដែលអាចបង្កគ្រោះថ្នាក់ពីព្រោះ មនុស្សច្រើនណាស់ ដែលនឹងចូលរួមទស្សនានោះ៕