(ភ្នំពេញ)៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចុះឡោមព័ទ្ធទីតាំងក្លឹប ML ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់, ការប្រើប្រាស់សារធាតុញៀន និងការប្រើប្រាស់អាវុធខុសច្បាប់ ព្រមទាំងឃាត់ខ្លួនមនុស្សប្រុស ស្រីជាង១០០នាក់ ដើម្បីបន្តនីតិវិធី។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា ប្រតិបត្តិការនេះ បានធ្វើឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ លើទីតាំងក្លឹប ML ស្ថិតតាមបណ្ដោយផ្លូវ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យប់មិញពិតជាមានករណីបង្ក្រាបក្លឹប ML ប្រហែលជាម៉ោង ១រំលងអធ្រាត្រជាង ដែលអនុវត្តតាមបទបញ្ជា និងការណែនាំរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យអន្តរាគមន៍ យើងបានធ្វើការចុះស្រាវជ្រាវ ឈានដល់ការបង្ក្រាប ហើយឃាត់ខ្លួនមនុស្សជាង១០០នាក់ កំពុងបន្តនីតិវិធី»។
លោកវរសេនីយ៍ឯក បានគូសបញ្ជាក់បន្ថែមថា «ក្លឹប ML នេះ គឺមានការពាក់ព័ន្ធការលេងល្បែងស៉ីសង ប្រើប្រាស់សារធាតុញៀន និងមានការប្រើប្រាស់កាំភ្លើងខុសច្បាប់ អីឡូវនេះខាងជំនាញកំពុងធ្វើការងារនេះ ដើម្បីបន្តនីតិវិធី»៕