(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ សមត្ថកិច្ចកម្ពុជា បានចុះត្រួតពិនិត្យទីតាំង២កន្លែងនៅខេត្តព្រះសីហនុ បន្ទាប់ពីមានបណ្តឹងចំនួន២ តាមរយៈទំព័រ Facebook របស់សម្តេចក្រឡាហោម ស ខេង ក្នុងនោះសមត្ថកិច្ចរកឃើញជនបរទេសចំនួន១៥នាក់ ប៉ុន្តែពុំមានជាករណីបង្ខាំងទេ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ការចុះស្រាវជ្រាវនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលទំព័រហ្វេសប៊ុក សម្តេចក្រឡាហោម ស ខេង ថាមានជនបរទេសត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានចុះស្រាវជ្រាវ និងរកឃើញជនរងគ្រោះ ចំនួន០២បណ្តឹង៖
ទី១៖ បណ្តឹងលេខ៣៨៧ ទទួលបានថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅកាស៊ីណូ ស៊ីង ធាន ឌី ស្ថិតនៅក្រុមទី៨ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កម្លាំងផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនាយកដ្ឋានសន្តិសុខ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយលោក អ៉ី សុខឡេង សម្របសម្រួលនីតិវិធីដោយលោក ហួត វិចិត្រ រកឃើញ និងនាំខ្លួនជនរងគ្រោះ ០១នាក់ (ចិន) និងជនបរទេស០៩នាក់ ផ្សេងទៀតមក ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ ករណីនេះពុំមែនជាករណីបង្ខាំងទេ។
និងទី២៖ បណ្តឹងលេខ៣៩៣ ទទួលបានថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ អនុវត្តថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅអគារស្នាក់នៅបុគ្គលិក ក្រុមហ៊ុន ហ័ង ឡឺ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ កម្លាំងផែនការងារព្រហ្មទណ្ឌ សម្របសម្រួលនីតិវិធីដោយ លោក ពេញ ពិសិដ្ឋ រកឃើញជនរងគ្រោះសរុបចំនួន ០៥នាក់ ស្រី ០៤នាក់ ជនជាតិម៉ាឡេស៊ី (ជនរងគ្រោះ ០៤នាក់ ស្រី០៣នាក់ មានឈ្មោះក្នុងបណ្តឹង និង០១នាក់ស្រី ស្នើសុំចេញដោយខ្លួនឯង)។ ករណីនេះពុំមែនជាករណីបង្ខាំងទេ៕