(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកនាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ហើយ ដោយឥតគិតថ្លៃក្នុងរយៈពេលមួយខែពេញ ដើម្បីឱ្យប្រជាពលរដ្ឋបានសាកល្បង និងស្វែងយល់ពិភាពងាយស្រួល ក្នុងធ្វើដំណើរនៅលើផ្លូវល្បឿនលឿន ដែលជាផ្លូវខ្សែទី១ នៅកម្ពុជា។
ក្រោយពីបានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ ប្រជាពលរដ្ឋជាច្រើន បានបង្ហាញក្តីរីករាយ និងសាទរយ៉ាងខ្លាំង ជាមួយនឹងការសរសើរមិនដាច់ពីមាត់ថា ផ្លូវមួយនេះពិតជាមានភាពស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការធ្វើ ចំណេញពេលវេលាបានច្រើន និងកាត់បន្ថយការចំណាយទៅលើថ្លៃសាំងរថយន្តបានយ៉ាងច្រើនផងដែរ។
ជាមួយនឹងអារម្មណ៍សប្បាយរីករាយ ក្រោយឃើញថាប្រទេសកម្ពុជា ចាប់ផ្តើមមានផ្លូវដ៏ស្អាត ធំទូលាយ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ និងបន្ទាប់ពីបានធ្វើដំណើរប្រមាណជាង ១០០គីឡូម៉ែត្រលើផ្លូវល្បឿនលឿរួចមក លោកស្រី ឈុន ហ៊ីម បានលើកឡើងថា «ខ្ញុំយល់ឃើញថាផ្លូវនេះល្អ កាលពីមុនរាងឆ្ងាយ ឥឡូវជិតជាងមុន ខ្ញុំមានអារម្មណ៍រំភើបតែម្តង ក្រោយបានជិះលើផ្លូវនេះ ដែលមានទេសភាពក៏ស្អាត ផ្លូវក៏ស្អាត ជិះបានលឿន និងមានសុវត្ថិភាពល្អ»។
លោកស្រី ឈុន ហ៊ីម បានបន្ថែមថា ការធ្វើដំណើរលើផ្លូវល្បឿនលឿននេះ មិនត្រឹមតែផ្តល់ភាពងាយស្រួល សម្រាប់ការធ្វើដំណើរនោះទេ ថែមទាំងបានជួយកាត់បន្ថយថ្លៃសាំង និងចំណេញពេលវេលាបានច្រើនថែមទៀតផង។ លោកស្រីបានអះអាងទៀតថា ទោះបីផ្លូវនេះចាប់ផ្តើមគិតលុយ ក៏នៅតែបន្តជិះនៅលើផ្លូវនេះដែរ។
មិនខុសអីពីលោកស្រី ឈុន ហ៊ីម ក្នុងនាមជាអ្នកបើកបរមួយរូបលោកគ្រូ អ៊ុជ ថារិទ្ធ បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវល្បឿនលឿននេះ ពិតជាមានភាពងាយស្រួល ដោយលោកអាចបើកបរក្នុងល្បឿន១០០គីឡូម៉ែត្រក្នុងមួយម៉ោង ថេររហូត ដែលពិតជាបានផ្តល់ផាសុកភាពសម្រាប់អ្នកបើកបរ ហើយពិតជាផ្តល់ភាពងាយស្រួលយ៉ាងខ្លាំង ដោយសារប្រើប្រាស់ពេលវេលាអស់តិច អស់សាំងតិច ហើយនៅតាមដងផ្លូវមានផ្លាកសញ្ញាច្បាស់លាស់ នៅលើផ្លូវមានគន្លងបែងចែងបានត្រឹមត្រូវ ងាយស្រួលសម្រាប់ការបើកបរផងដែរ។
អ្នកស្រី ជា ចាន់ស្រីល័ក្ខ ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពីបានឃើញផ្លូវល្បឿនលឿន ដ៏ធំទូលាយ និងស្រស់ស្អាត ដែលមិនធ្លាប់មានពីមុនមក និងបានបញ្ជាក់ដែរថានឹងនៅតែបន្តជិះលើផ្លូវនេះ ទោះបីត្រូវចំណាយលុយក៏ដោយ។ ក្រៅពីនេះអ្នកស្រីក៏បានថ្លែងអំណរអរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងការជួយសាងសង់ផ្លូវបានជាច្រើន និងល្អស្អាត ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។
សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។
ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕