(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ពន្លឿនការដោះស្រាយបន្ថែមទៀតលើបញ្ហាដីធ្លី រាល់យន្តការនៃការដោះស្រាយត្រូវមានតម្លាភាព ប្រសិទ្ធភាព ដែលអាចឱ្យប្រជាពលរដ្ឋទទួលយកបានប្រកបដោយភាពជឿជាក់ និងទុកចិត្តពីថ្នាក់ដឹកនាំ។
ការណែនាំបែបនេះ របស់លោក ងួន រតនៈ បានធ្វើឡើងក្នុងឱកាសដែលលោកបានដឹកនាំកិច្ចប្រជុំប្រចាំខែត្រួតពិនិត្យវឌ្ឍនភាពការដោះស្រាយទំនាស់ក្នុងក្របខណ្ឌខេត្ត ក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត បានថ្លែងថា កិច្ចប្រជុំនេះ ដើម្បីស្តាប់នូវវឌ្ឍនភាពស្តីពីការដោះស្រាយបញ្ហាទំនាស់ក្រៅប្រព័ន្ធតុលាការ ជាពិសេសប្រភេទទំនាស់ដីធ្លីជាប្រភេទសេវាមួយចាំបាច់សម្រាប់ដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយឈរលើស្មារតីស្មើភាព ប្រកបដោយភាពយុត្តិធម៌។
លោកបានបន្ថែមទៀថា៖ «រាល់យន្តការនៃការដោះស្រាយក្រៅប្រព័ន្ធតុលា ជាធាតុចូលមួយត្រូវមានការយល់ដឹងបន្ថែម ដោយធ្វើការអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយធ្វើការសម្របសម្រួលក្នុងការបត់បែនស្វែងរកដំណោះស្រាយទំនាស់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាក្នុងមួយខែត្រូវដោះស្រាយទំនាស់ឱ្យបានចប់មួយរឿងយ៉ាងតិច»។
ទន្ទឹមនឹងនេះដែរ លោក ងួន រតនៈ បានបញ្ជាក់ថា នៅក្នុងខែកញ្ញានេះ រដ្ឋបាលខេត្តកំពង់ធំ បានទទួលពាក្យបណ្ដឹងសរុបមានចំនួន ២៩ករណី បានដោះស្រាយបញ្ចប់សំណំរឿងចំនួន ៧ករណី ក្នុងនោះមានករណីទំនាស់ព្រំដី ករណីសុំបើកផ្លូវចូលដីចម្ការ និងករណីសុំបើកផ្លូវចូលផ្ទះ៕