(សៀមរាប)៖ ដោយមានការណែនាំ ពីលោកឧត្តមសេនីយ៍ រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ លោកឧត្តមសេនីយ៍ ទី ឡុង អនុប្រធាននាយកដ្ឋាន បានសហការជាមួយអង្គការសម្ព័ន្ធអន្តរជាតិទប់ស្កាត់ផលប៉ះពាល់ នៃគ្រឿងស្រវឹង ហៅកាត់ថា IARD ចុះបើកវគ្គបណ្តុះបណ្តាល ស្តីពីចច្ចេកទេសអនុវត្តច្បាប់ បើកបរក្នុងស្ថានភាពស្រវឹងដល់មន្រ្តី នគរបាលចរាចរណ៍ ខេត្តសៀមរាបចំនួន ៤០នាក់។
វគ្គបណ្តុះបណ្តាលមានរយៈពេលពីរថ្ងៃ គឺថៃ្ងទី០៧ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ ផ្តោតសំខាន់លើច្បាប់ និងបទដ្ឋានពាក់ព័ន្ធ ការប្រើប្រាស់ឧបករណ៍ និងការត្រួតពិនិត្យជាតិស្រវឹង លើអ្នកបើកបរការរៀបចំគោលដៅ និងការអប់រំអ្នកបើកបរអំពីផលប៉ះពាល់ នៃគ្រឿងស្រវឹង និងការបើកបរ។
គិតមកដល់ថ្ងៃ០៧ ខែមិថុនា ឆ្នាំ២០១៦ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានសហការជាមួយអង្គការ IARD ចុះបើកវគ្គបណ្តុះបណ្តាលបានចំនួនបីខេត្ត គឺខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តសៀមរាប សរុបសិក្ខាកាមចូលរួមចំនួន ១២៥នាក់៕