(កំពង់ធំ)៖ លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ, លោក ឃឹង នុភាព តំណាងរាស្ត្រមណ្ឌលកំពង់ធំ, ព្រះភិក្ខុដ្ឋានវេជ្ជធម្មោ ឃិន រ៉ាវីត ប្រធានសមាគមប្រជាជនសន្តិភាពនៃកម្ពុជា និងក្រុមការងារចុះមូលដ្ឋានឃុំឈូក ព្រមទាំងសប្បុរសជន បានចុះសួរសុខទុក្ខ ចែកអំណោយជូនដល់គ្រួសារមានជីវភាពលំបាកចំនួន៣០គ្រួសារ មកពីភូមិកំពីងតាគង់ ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ។
នាឱកាសនោះដែរ លោក ឃឹង នុភាព បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីប្រមុខដឹកនាំពិសេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនទុក្ខឱ្យប្រជាជនណាមួយអត់ស្បៀងនោះឡើយ។ ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនតែក៏អាចជួយសម្រាលបន្ទុកនូវការលំបាកក្នុងរយៈពេលខ្លី។ ក្នុងការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តការប្រកបរបរដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ ត្រូវដាំដំណាំ ចិញ្ចឹមសត្វ ក្នុងគោលបំណងកាត់បន្ថយនៃការចំណាយថវិកាពីការទិញមកពីខាងក្រៅ។ សូមឱ្យអាណាព្យាបាលជួយជំរុញកូនចៅមកសិក្សារៀនសូត្រឱ្យបានទៀងពេលវេលា និងជួយការពារសុវត្ថិភាពក្មេងតូចៗដែលរស់នៅតាមដងស្ទឹងសែន កុំឱ្យពួកគាត់លេងទឹក និងមិនមានគ្រោះថ្នាក់ដល់ជីវិត។
អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំរូបនេះ បានលើកឡើងពីសកម្មភាពគ្រួសារដែលមានជីវភាពខ្វះខាតនេះ គឺបានមកពីការអំពាវនាវដល់សប្បុរសជនក្នុងនិងក្រៅប្រទេស ជួយគាំទ្រ និងឧបត្ថម្ភជាសម្ភារក្តី ជាថវិកាក្តី ដើម្បីជូនដល់គ្រួសារណាដែលគាត់លំបាកជាទីបំផុត។ សូមពុក ម៉ែ បងប្អូន ចូលរួមថែរក្សាសុខភាព និងអនាម័យបីប្រការរួមមាន៖ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីចៀសឱ្យផុតពីជំងឺអសន្នរោគព្រោះពេលនេះជារដូវទឹកឡើងនេះ គឺសម្បូរទៅដោយមេរោគ និងបង្កឱ្យមនុស្សមានគ្រោះថ្នាក់ផងដែរ។
ប្រជាពលរដ្ឋទាំង៣០គ្រួសារ បានបង្ហាញនូវស្នាមញញឹម ព្រមទាំងថ្លែងអំណរគុណ ព្រះសង្ឃ លោក លោកស្រី និងក្រុមការងារចុះចូលឃុំឈូក ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ព្រមទាំងពុទ្ឋពរទាំង៤ប្រការ គឺអាយុវណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា អំណោយដែលចែកជូនមាន៣០គ្រួសារ ក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកស៊ីអ៉ីវ០១យួរ ទឹកត្រី០១យួរ និងថវិកាមួយចំនួន៕