(កំពត)៖ មិត្តភក្ដិអតីតមន្ត្រីនគរបាលថ្នាក់ប៉ុស្ដិ៍ នៅតាមមូលដ្ឋានម្នាក់ បានផ្ញើរូបថត៣សន្លឹករួមទាំងប្រវត្តិខ្លះៗ នៃមិត្តភក្ដិរបស់ខ្លួន សូមអោយជួយចុះផ្សាយក្រែង បានដឹងដល់ថ្នាក់ដឹកនាំ និងអតីតមេៗរបស់គាត់ចុះ ទៅសួរសុខទុក្ខឬផ្ដល់ជំនួយឧបត្ថម្ភខ្លះៗ ក្រែងគ្នាអាចដោះទាល់បានមួយគ្រា ខណៈបច្ចុប្បន្នមន្ត្រីចូលនិវត្តន៏ រូបនេះក្រៅពីខ្វះខាតជីវភាពហើយ គឺមានជំងឺប្រចាំកាយ ក្លាយទៅជាមនុស្សបាក់ទឹកចិត្ត ខុសពីមុនដែលគាត់ធ្លាប់តែជាមន្ត្រីនគរបាល នៅមូលដ្ឋាន ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាជនដ៏អង្គអាចមួយរូប ធ្លាប់ឆ្លងកាត់សមរភូមិប្រយុទ្ធជាមួយខ្មែរក្រហម ភ្នំវល្លិរាប់មិនអស់នោះ។
លោកកែវ សារ៉ាន់ ធ្លាប់ធ្វើមន្ត្រីនគរបាលតាំងពីឆ្នាំ១៩៧៩ គាត់ជាកម្លាំងស្នូល និងខ្លាំងក្នុងការការពារមូលដ្ឋាន ជាកម្លាំងការពារមិនអាចខ្វះបាន។ ក្រោយមកគាត់បានឡើងតូនាទី ជាមេបុស្តិ៍ទូកមាសខាងលិច នៃអធិការដ្ឋានស្រុកបន្ទាយមាសរហូតដល់ថ្ងៃចូលនិវត្តន៍ កាលពីប៉ុន្មានឆ្នាំនេះ តែឥឡូវពេលនេះគាត់ដេកឈឺ នៅនឹងផ្ទះជាង១ឆ្នាំមកហើយ គ្មានឃើញថ្នាក់ដឹកនាំនគរបាលថ្នាក់ស្រុក ឬខេត្តណាមកក្បែរគាត់ឡើយ។ ប្រពន្ធរបស់គាត់ធ្លាប់បានទៅអង្វរសុំរកជំនួយពីអធិការដ្ឋាន ស្រុកបន្ទាយមាសដែរ គេដឹងថាគាត់កំពុងមានទុក្ខអញ្ចឹងដែរ តែគ្មានខាងណាទៅក្បែរឬរាយការណ៍ ទៅថ្នាក់លើដើម្បីចុះមកជួយមើលជួយផ្តល់កម្លាំងចិត្ត ដល់រូបគាត់ឡើយ។
គេឆ្ងល់ថាហេតុអ្វីមិត្ត ធ្លាប់រួមអាវុធមិនព្រមជួយគ្នាផង? ពេលនេះស្រុកសន្តិភាពហើយម្តេច ក៏បែរជាបោះបង់មិត្ត ធ្លាប់តស៊ូជាមួយគ្នាចោលបែបនេះទៅវិញ។ រឿងនេះបើបានឮដល់អគ្គស្នងការនគរបាលជាតិ ឬលោកស្នងការខេត្ត ប្រាកដជាលោកនឹងមិនបោះបង់អតីតមិត្តរួមអាវុធ តាំងពីសម័យ៨០ចោលឡើយ តែគ្មាននរណាបញ្ជូនព័ត៌មានកំសត់នេះ ទៅដល់លោកសោះឡើយ។
ក្រោយ Fresh News ចេញផ្សាយ សង្ឃឹមថ្នាក់ដឹកនាំនគរបាល ក៏ដូចសប្បុរសជនផ្សេងៗទៀតរួមទាំងមិត្តភក្ដិជិតឆ្ងាយ នឹងមិនបោះបង់មិត្តភក្ដិរបស់ខ្លួន អោយនៅកណ្ដោចកណ្ដែង តទៅទៀតឡើយ៕