(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដល់សមាជិក សមាជិកា នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លើកឡើងនាឱកាសនោះលោកស្រី ឃួន ឃុនឌី បានកោតសរសើរដល់អាជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់បម្រើការងារជូនប្រជាពលរដ្ឋយ៉ាងសកម្ម និងលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបម្រើភូមិឃុំរបស់ខ្លូន កាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសក្រុមប្រឹក្សាឃុំ ដែលទើបតែជាប់ឆ្នោតថ្មីៗនេះសូមចូលរួមសហការគ្នាកសាង និងថែរក្សាសមិទ្ធផលនានា ដែលបានកសាងកន្លងមកឱ្យបានគង់វង្ស និងត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីបំពេញនូវតម្រូវការការងារបច្ចុប្បន្ន ឲ្យមានភាពល្អប្រសើរបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងយ៉ាងជិតស្និតលើការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាពខ្ពស់។
លោកស្រី បានជំរុញឲ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានបង្កើនការពង្រឹងការងារអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អទ្វេឡើង ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ព្រមទាំងពិនិត្យមើលបញ្ហាគ្រឿងញៀនបញ្ហាក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាចោរលួចឆក់ អំពើហិង្សា និងល្បែងខុសច្បាប់ជាដើម។
ជាមួយគ្នានោះលោកស្រី ក៏បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ដែលទើបជាប់ឆ្នោតថ្មីយកចិត្តទុកដាក់បន្ថែមទៀត និងត្រូវយកចិត្តទុកដាក់លើការងារ អាទិភាពដូចជា៖
* បន្តការពង្រឹងមូលដ្ឋាន និងគ្រប់គ្រងសមាជិកគណបក្សតាមគោលការណ៍និងវិធានការនានា ដែលមានរួចហើយ និងដោយយកចិត្តទុកដាក់ផ្អែកលើទិន្នន័យតួលេខជាក់ស្ដែង នៃលទ្ធផលបោះឆ្នោតឆ្នាំ២០២២ តាមឃុំ នីមួយៗ
* បន្តធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកបក្សតាមប្រព័ន្ធព័ត៌មានវិទ្យាឱ្យបានរួចរាល់
* បន្តពង្រឹងក្បាលម៉ាស៊ីនអង្គការចាត់តាំងគណបក្សមូលដ្ឋានឱ្យមានដំណើរការជាប្រចាំ មានភាពជិតស្និទ្ធជាមួយសាខាបក្សភូមិ ក្រុមបក្ស និងគ្រួសារបក្សតាមខ្នងផ្ទះ។
* បន្តពង្រឹងរដ្ឋបាលមូលដ្ឋាន ពិសេសពង្រឹងមន្ត្រីបង្គោលដែលជាមេឃុំ ចៅសង្កាត់ ស្មៀន មេប៉ុស្តិ៍ និង មេភូមិ ឲ្យទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។
* បន្តពង្រឹងគណៈចលនាមហាជនរបស់គណបក្សគ្រប់ថ្នាក់ ពិសេសចលនាយុវជន ចលនាស្ត្រី និងចលនា កម្មករ ព្រមទាំងជំរុញការងារព័ត៌មាន និងសាធារណៈមតិឲ្យកាន់តែទូលំទូលាយ ។
* យកចិត្តទុកដាក់តាមដាន ផ្គាប់ឱ្យបានពិតប្រាកដ និងមានវិធានការច្បាស់លាស់ក្នុងការរៀបចំគ្រប់គ្រង សមាជិកបក្សដែលធ្វើចំណាកស្រុក (ទាំងនៅក្នុង និងក្រៅប្រទេស) និងសមាជិកគណបក្សផ្សេងៗ ដែលមកចូលជាមួយ គណបក្សយើងតាមគោលការណ៍ «ពង្រឹងអ្នកចាស់ អូសទាញអ្នកថ្មី»។
* យកចិត្តទុកដាក់ការចលនានិងការកសាងកម្លាំងក្នុងស្រទាប់ប្រជាជននៃផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយមិនត្រូវមើលរំលងសមាសភាពណាឡើយ។
បន្ថែមពីនេះ ឃួន ឃុនឌី ក៏បានលើកទឹកចិត្តជំរុញ និងគាំទ្រគ្រប់រាល់សកម្មភាពទាំងអស់របស់ភូមិឃុំ ក្នុងឆន្ទ:ចូលរួមកសាង និងអភិវឌ្ឍមូលដ្ឋានផ្ទាល់បម្រើសុខភាពសាធារណ:ចូលរួមដោះស្រាយទុក្ខលំបាកកែលម្អកម្រិតជីវភាព និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងផ្តាំផ្ញើឱ្យយកចិត្តទុកដាក់មើលថែរក្សាសុខភាពជូនប្រជាពលរដ្ឋពង្រឹងការងារសន្តិសុខ និងសុវត្ថិភាពមូលដ្ឋានឱ្យបានល្អប្រសើរ ក្រោមម្លប់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕