(តៃប៉ិ)៖ ប្រធានាធិបតីតៃវ៉ាន់ថ្មី លោកស្រី Tsai Ing-wen បានអំពាវនាវឲ្យសហរដ្ឋអាមេរិក បន្តលក់អាវុធឲ្យតៃវ៉ាន់ ដើម្បីការពារសន្ដិសុខជាតិ និងក្នុងតំបន់ ដែលការអំពាវនាវនេះ ធ្វើឡើងដោយមិនខ្លាចរអាចំពោះការព្រមានរបស់រដ្ឋាភិបាលក្រុមប៉េកាំងឡើយ នេះបើយោងតាមការចេញផ្សាយរបស់កាសែតតៃប៉ិថាម នៅថ្ងៃទី០៧ ខែមិថុនា។
នៅក្នុងកិច្ចជំនួបជាមួយលោក John McCain ប្រធានគណៈកម្មការសេវាកងទ័ពនៃព្រឹទ្ធសភាអាមេរិក ក្នុងរដ្ឋធានីតៃប៉ិ លោកស្រី Tsai បានជំរុញឲ្យរដ្ឋាភិបាលក្រុងវ៉ាន់ស៊ីនតោន បន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ពង្រឹងការផ្លាស់ប្តូរយោធាទ្វេរភាគី និងគាំទ្រដល់ការចូលរួមរបស់តៃវ៉ាន់ នៅក្នុងអង្គការអន្តរជាតិ និងកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក។
វាគឺជាលើកដំបូងសម្រាប់លោក McCain ដែលបានមកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ នៅក្នុងសមត្ថភាពជាប្រធានគណៈកម្មការសេវាកងទ័ពនៃព្រឹទ្ធសភាអាមេរិក ហើយវាក៏ជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈ ២៤ឆ្នាំ នៃគណៈប្រតិភូអាមេរិកដឹកនាំដោយប្រធានគណៈកម្មាធិការនេះបានមកដល់តៃវ៉ាន់។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោកបារ៉ាក់ អូបាម៉ា បានស្នើទៅកាន់សភាអាមេរិក កាលពីចុងឆ្នាំ ២០១៥ ឲ្យអនុម័តកញ្ចប់ថវិកា ១,៨ពាន់លានដុល្លារអាមេរិក លក់អាវុធឲ្យកោះតៃវ៉ាន់ ខណៈដែលចិនបានចេញមុខប្រឆាំងដាច់ខាត ចំពោះការលក់អាវុធនេះ ដោយបានលើកឡើងថា អាមេរិកកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ចិនតែងតែគិតថា តៃវ៉ាន់គឺជាកោះមួយរបស់ខ្លួន និងស្ថិតនៅក្រោមដែនអធិបតេយ្យរបស់ខ្លួនផងដែរ៕