(ព្រះសីហនុ)៖ កាលពីល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារជួយសង្គ្រោះ និង
អូប៊រ័ល្បឿនលឿនចំនួន២គ្រឿង សហការជាមួយសមត្ថកិច្ចចេញអន្តរាគមន៍ជួយសង្គ្រោះទូកប្រជានេសាទ ដែលបានលិចនៅចំណុចខាងក្រៅកោះដំឡូង សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង។
លោកឧកញ៉ាបានបន្តថា ជនរងគ្រោះនៅលើទូកនេសាទចំនួន៣នាក់ ត្រូវបានជួយសង្គ្រោះ នាំមកកាន់ដីគោកដោយសុវត្ថិភាព។
ជនរងគ្រោះទាំង៣នាក់ មានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ពេជ្រ ថ្មី អាយុ៤២ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណើតនៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។
*ទី២៖ ឈ្មោះ ទន់ វាសនា អាយុ៣២ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណើតនៅភូមិក្រាំងរំដេង ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត។
*ទី៣៖ ឈ្មោះ សៀម វិជ័យ អាយុ២៥ឆ្នាំ មុខរបរកម្មករទូក មានស្រុកកំណើតភូមិរបោះខ្ទម ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។
ជនរងគ្រោះ បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពីឧបករណ៍បូមទឹករបស់មាស៊ីនទូកខូច និងចំពេលរលកធំៗទៀត ទើបបណ្តាលឲ្យលិចតែម្តង។
ចំពោះសម្ភារដែលបាត់បង់ក្នុងនៅពេលលិចទូករួមមាន៖ ទូកអូសចំនួន១គ្រឿង, ម៉ាស៊ីនចំនួន១គ្រឿង, ម៉ងអូសចំនួន៤ជង់, ប្រេងចំនួន៦,០០០លីត្រ, ទូរស័ព្ទចំនួន២គ្រឿង និងរបស់ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ។
លោកឧកញ៉ា ទៀ វិចិត្រ បានអំពាវនាវដល់ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ ខណៈក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបញ្ជាក់ថា ប៉ុន្មានថ្ងៃនេះនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕