(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំប្រព្រឹត្តនូវល្បែងស៊ីសងគ្រប់ប្រភេទ ព្រោះវាធ្វើឱ្យអន្តរាយដល់ខ្លួន ក្រុមគ្រួសារ និងនាំឱ្យខាតបង់នូវពេលវេលា និងថវិកា ព្រមទាំងជាអំពើខុសច្បាប់ផងដែរ។
ការថ្លែងបែបនេះរបស់លោក តូច ប៉ូលីវ៉ា ខណៈដែលលោកតំណាងអភិបាលខេត្តស្វាយរៀង និងជាប្រធានក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំ ស្តីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង នៅក្នុងបរិវេណ នៃសាលប្រជុំ សាលាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។
លោក តូច ប៉ូលីវ៉ា បានថ្លែងបន្តថា បទល្មើសល្បែងស៊ីសងតាមអនឡាញ ដែលជាប្រភេទល្បែងមានចរិតគ្រោះថ្នាក់បំផុតដែលនាំឲ្យមាននូវអំពើជួញដូរមនុស្ស ជួញដូរពលកម្ម បង្ខាំងមនុស្សខុសច្បាប់ ជួញដូរគ្រឿងញៀនជាដើម។
ជាមួយគ្នានេះ លោកបានណែនាំដល់ប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក និងមន្រ្តីពាក់ព័ន្ធត្រូវសហការគ្នា បន្តធ្វើសកម្មភាពដូចភ្លៀងរលឹម ចុះធ្វើការអប់រំ វិធានការរដ្ឋបាល និងធ្វើកិច្ចសន្យាបិទទីតាំងល្បែង ស៊ីសងគ្រប់ប្រភេទជាដាច់ខាត និងស៊ីបអង្កេតតាមដានរកមុខសញ្ញា ដែលឈរនៅពីក្រោយចំពោះការបើកនូវទីតាំងល្បែងស៊ីសងខុសច្បាប់ ជាពិសេសពិនិត្យមើលប្រភេទល្បែងដូចជា ល្បែងបុកប៊ីយ៉ែរភ្នាល់ ល្បែងឡូតូភ្នាល់ ល្បែងជល់មាន់ភ្នាល់ ល្បែងបៀរភ្នាល់ ល្បែងអាប៉ោងភ្នាល់ ល្បែងចាក់កន្ទុយលេខ ល្បែងបាល់ទះភ្នាល់ ល្បែងវាយប៊ូលភ្នាល់គ្នា ជាលុយ និងល្បែងអនឡាញផ្សេងៗទៀត ត្រូវតែធ្វើការទប់ស្កាត់ និងបង្រ្កាប ដោយអនុវត្ត និងផ្តន្ទាទោសទៅតាមវិធានការច្បាប់ដែលបានកំណត់ជាធរមាន។
លោកអភិបាលរងខេត្តស្វាយរៀង បានអំពាវនាវដល់ម្ចាស់ទីតាំងដែលបើកល្បែងស៊ីសងនានា ត្រូវតែបញ្ឈប់ និងមិនអនុញ្ញាតឱ្យដំណើរការសកម្មភាពលែងល្បែងស៊ីសងខុសច្បាប់នេះទៀតឡើយ បើមិនដូច្នេះទេ និងអនុវត្តទៅតាមវិធានការច្បាប់។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះក៏មានការចូលរួមពីលោក ហែម សារិទ្ធ អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពនៃរដ្ឋបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការផ្នែកសឹករងស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រី មេឃុំ ទាំង១៦ឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៦ ព្រមទាំងលោក លោកស្រី អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕