(ស្វាយរៀង)៖ ក្រោយពីមានការបញ្ជាដាច់ណាត់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន, អាជ្ញាធរ និងសមត្ថកិច្ចទូទាំងប្រទេស បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅមូលដ្ឋានរបស់ខ្លួនជាបន្តបន្ទាប់។ ជាក់ស្តែងសម្រាប់ក្រុងបាវិត ខេត្តស្វាយរៀង រយៈពេល២ថ្ងៃទី២៩-៣០ ខែកញ្ញា ឆ្នាំ២០២២ នគរបាលក្រុងបាវិត បានបង្ក្រាបអ្នកលក់ឆ្នោតវៀតណាមខុសច្បាប់បានចំនួន៨នាក់ ដើម្បីធ្វើការអប់រំឲ្យបញ្ឈប់ការលក់ឆ្នោត ខុសច្បាប់តទៅទៀត។
នគរបាលក្រុងបាវិត បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត បានចុះបង្រ្កាបជនជាតិវៀតណាម និងខ្មែរ ដែលលក់ឆ្នោតវៀតណាមខុសច្បាប់ ចំនួន៨នាក់ (ស្រី១នាក់) ក្នុងនោះជនជាតិខ្មែរ១នាក់ និងជនជាតិវៀតណាម ៧នាក់ និងដកហូតឆ្នោត ចំនួន១១៧៥សន្លឹក។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានធ្វើកិច្ចសន្យា អប់រំ ណែនាំឱ្យបញ្ឈប់លក់ឆ្នោតបន្តទៀត បើសិនមិនអនុវត្តតាមកិច្ចសន្យា សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា លោក ម៉ែន វិបុល អភិបាលខេត្ត បានបញ្ជារដ្ឋបាលក្រុងស្រុកទាំង៨ ត្រូវបន្តទប់ស្កាត់ និងបង្ក្រាបចំពោះទីតាំងធ្វើអាជីវកម្មភ្នាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដែលគ្មានអាជ្ញាបណ្ណពីរាជរដ្ឋាភិបាល៕