(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនសន្យាទេ តែបច្ចុប្បន្នរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កំពុងអនុវត្តន៍គោលនយោបាយឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋជិត ៣លាននាក់។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា គិតចាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ខែមិថុនា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន១០ជុំរួចមកហើយ ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ។
ការបញ្ជាក់របស់សម្តេចតេជោយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្ត រើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត ៣ពាន់គ្រួសារបន្ថែមទៀត នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមបញ្ជាឱ្យហើយគណបក្សប្រជាជនកម្ពុជា នៅពេលបោះឆ្នោតខាងមុខ អត់មានធ្វើការសន្យាពីរឿងឱ្យមនុស្សចាស់ប៉ុណ្ណេះ ឱ្យមនុស្សចាស់មានប្រាក់ខែ ឱ្យកូនក្មេងមានប្រាក់ខែ តែរដ្ឋាភិបាលរបស់គណបក្សប្រជាជនបានធ្វើរាប់ឆ្នាំហើយ ក្នុងចំណោម៧០ម៉ឺនគ្រួសារ មានមនុស្សចាស់ មានកូនក្មេង ក្នុងចំណោមហ្នឹងមានស្ត្រីមានផ្ទៃពោះ នឹងបានទទួលថវិកាបន្ថែមទៀត»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានកំណត់ជាគោលនយោបាយផ្តល់បណ្ណសមធម៌ (បណ្ណក្រីក្រប្រភេទ១) ដល់ប្រជាពលរដ្ឋដែលរុះរើពីតំបន់ផ្សេងមកកាន់តំបន់រុនតាឯកនេះ រយៈពេល១០ឆ្នាំផងដែរ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះរហូតដល់កូនមានអាយុ២ឆ្នាំ ដោយក្នុងនោះចាប់ពីដំណាក់ការមានផ្ទៃពោះ រហូត៤ដង ខណៈការពិនិត្យផ្ទៃពោះម្តងទទួលបានថវិកាចំនួន ៤ម៉ឺនរៀល, ហើយនៅថ្ងៃសម្រាកគឺទទួលបានថវិកាឧបត្ថម្ភចំនួន២០ម៉ឺនរៀល បន្ទាប់ពីសម្រាលបុត្ររួច គឺរដ្ឋាភិបាលនៅតែបន្តឧបត្ថម្ភថវិការហូត ១០ដងបន្ថែមទៀត ដែលស្មើនឹង ៤០ម៉ឺនរៀល ចំណុចទាំងនេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ននេះ។
«គណបក្សប្រជាជនកម្ពុជា អត់មានការសន្យាទេ ក៏ប៉ុន្តែ បាននឹងកំពុងអនុវត្តន៍នៃកញ្ចប់បញ្ហាទាំងមនុស្សចាស់ ទាំងស្ត្រីមានផ្ទៃពោះ ដែលបានអនុវត្តន៍រាប់ឆ្នាំមកហើយ បើពិនិត្យជាថវិកាអស់ជាង២០លានដុល្លាររួចមកហើយ សម្រាប់ស្ត្រីមានផ្ទៃពោះក្រីក្រ ហើយនៅតំបន់រុនតាឯកនេះ ទោះអ្នកណាមានឡាន មានម៉ូតូ ក៏ដោយប៉ុន្តែ ត្រូវចាត់ទុកថាក្រីក្រទាំងអស់ ហើយត្រូវកាន់បណ្ណក្រីក្ររយៈពេល១០ឆ្នាំទាំងអស់គ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ កម្មវិធីនេះ មានគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ប្រមាណជាង ៦០ម៉ឺនគ្រួសារ មានសមាជិកប្រមាណជិត៣លាននាក់ ហើយទទួលបានការសាទរពីអ្នកទទួលផល, ដៃគូអភិវឌ្ឍន៍, អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទៅ។
ការរផ្តល់បណ្ណសមធម៌ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ៕