(ក្រចេះ)៖ គណៈកម្មាធិការគ្រប់គងគ្រោះមហន្តរាយខេត្តក្រចេះ បានជូនដំណឹងដល់ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត ពីការត្រៀមលក្ខណៈបង្ការ សង្គ្រោះ និងឆ្លើយតបហានិភ័យគ្រោះមហន្តរាយ ដែលអាចបង្កឡើងដោយទឹកភ្លៀង និងទឹកទន្លេមេគង្គនាពេលខាងមុខនេះ។
តាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា យោងតាមការព្យាករណ៍កម្ពស់ទឹកទន្លមេគង្គ របស់ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានព្យាករណ៍កម្ពស់ទឹកទន្លេមេគង្គ និងស្ថានភាពអាកាសធាតុ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ឃើញថា ទឹកទន្លមេគង្គ នឹងហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ថ្ងៃខាងមុខ ដល់កម្ពស់ ២១ម៉ែត្រ ហើយនឹងមានភ្លៀងធ្លាក់ពីកម្រិតបង្គួរ ទៅច្រើន។
ជាក់ស្ដែងគិតត្រឹមម៉ោង ២រសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ កម្ពស់ទឹកទន្លេមេគង្គ ខេត្តក្រចេះហក់ឡើង ២០,២៣ម៉ែត្រ ហើយនៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ កម្ពស់ទឹកទន្លេមេគង្គហក់ឡើងដល់ ២០,៥៤ម៉ែត្រ។
ក្នុងន័យនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សូមណែនាំដូចខាងក្រោម៖
*ពិនិត្យធនធានសម្ភារ និងកម្លាំងអន្តគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈឆ្លើយតប និងសង្គ្រោះបន្ទាន់ គ្រោះទឹកជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គ។
*តាមដានត្រួតពិនិត្យជាបន្តបន្ទាប់នូវមុខសញ្ញាគ្រោះថ្នាក់ហានិភ័យដែលអាចគំរាមកំហែងដល់ប្រជាពលរដ្ឋងាយរងគ្រោះ ដូចជា៖ ទឹកជំនន់ លង់ទឹក ខ្យល់កន្ត្រាក់ អគ្គិភ័យ បាក់ច្រាំង។
*មន្ទីរជំនាញពាក់ព័ន្ធ ត្រូវធ្វើរបាយការណ៍ស្តីពីផលប៉ះពាល់នៃគ្រោះមហន្តរាយ និងស្ថានភាពជលសាស្ត្រ សីតុណ្ហភាព ជូនលេខាធិការដ្ឋាន នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាប់ជាប្រចាំ៕