(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញមកស្វាគមន៍ និងចុះពិនិត្យការដាក់ដំណើរការបើកសាកល្បងប្រើប្រាស់ផ្លូវល្បឿនព្រះសីហនុ-ភ្នំពេញ ត្រង់ចំណុចច្រកទី១ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ។
នៅក្នុងឱកាសនោះ អភិបាលខេត្ត បានជួបជាមួយបុគ្គលិកប្រចាំការក្នុងបញ្ជរត្រួតពិនិត្យចរាចរណ៍យានយន្តចេញ-ចូល និងបានជួបសំណេះសំណាលជាមួយបងប្អូនជាម្ចាស់រថយន្ត ដែលធ្វើដំណើរលើផ្លូវល្បឿនលឿនក្នុងថ្ងៃបើកសាកល្បងនេះផងដែរ។
ជាមួយនឹងការធ្វើដំណើរសាកល្បងនៅថ្ងៃដំបូងនេះ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវបងប្អូនដែលប្រើប្រាស់ផ្លូវល្បឿនលឿនក្នុងថ្ងៃសាកល្បងទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ បើកបរតាមគន្លងផ្លូវដែលកំណត់សម្រាប់ឲ្យយាយន្តប្រើប្រាស់ និងបើកបរកុំឲ្យលើសល្បឿនកំណត់។
ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។
សូមជម្រាបដែរថា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្មចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។ ទីតាំងទាំង៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។
ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា៣គន្លងទៅ និង៣គន្លងមក ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរតាមគន្លងផ្លូវខាងស្ដាំនៃផ្លូវល្បឿនលឿនដែលជាគន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា។
* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិសខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។
ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្តអាចប្រើប្រាស់គន្លងផ្លូវទាំង២បាន ដោយឡែករថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះយានយន្តនៅតាមគន្លងផ្លូវណាមួយបើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញាអាសន្នជាដំណឹង។
* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យយានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។
ផ្លូវល្បឿនលឿននេះ បានការកំណត់ល្បឿនបើកបរ» ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា )ដូចជា៖
ទី១៖ ល្បឿន 60 - 120km/h រថយន្តគ្រួសារ/ធុនស្រាល
ទី២៖ ល្បឿន 60 - 100km/h រថយន្តធុនធ្ងន់មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ
ទី៣៖ ល្បឿន 60 - 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត
ករណីផ្លូវកោងច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។
ផ្លូវល្បឿនលឿននេះដែរមានច្រកចេញ-ចូល ទាំងអស់ចំនួន៨ទីតាំងរួមមានដូចជា៖
*ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣
* ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦
* ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣
* ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦
* ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤
* ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥
* ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២
* ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២
សូមជម្រាបដែរថា ផ្លូវល្បឿនលឿននេះសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕