(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គ្រួសាររបស់សម្តេច ជាពិសេសកូនៗរបស់សម្តេច មិនដែលមានទម្លាប់ឈ្លោះទាស់ទែងគ្នានោះទេ។
ការបញ្ជាក់របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំង បានព្យាយាមវាយប្រហារលើមិត្តភាពជាបងប្អូនរបស់ លោក ហ៊ុន ម៉ាណែត និង លោក ហ៊ុន ម៉ានី បន្ទាប់ពីកូនៗរបស់សម្តេចតេជោ ចាប់ផ្តើមលេចធ្លោក្នុងឆាកនយោបាយជាតិ និងអន្តរជាតិ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាថ្មី ជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរជិត៣ពាន់គ្រួសារបន្ថែមទៀត នាព្រឹកថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីការវាយប្រហាររបស់ ក្រុមប្រឆាំងលើសាមគ្គីភាពរបស់ គណបក្សប្រជាជនកម្ពុជា រហូតដល់គ្រួសាររបស់សម្តេច។
សម្តេចបានបញ្ជាក់ថា៖ «មុននេះថា គណបក្សប្រជាជនទាស់គ្នា ទៀ បាញ់ ទៅផ្សេង ស ខេង ទៅផ្សឹង ម៉ែន សំអន ទៅផ្សេង សាយ ឈុំ ទៅផ្សឹង អស់ពីនោះថា ហ៊ុន ម៉ាណែត និងហ៊ុន ម៉ានី ទាស់គ្នាម្តងដណ្តឹមគ្នាធ្វើនាយករដ្ឋមន្ត្រី ចប់ ! កូនរបស់នាយករដ្ឋមន្ត្រី ឬចៅរបស់នាយករដ្ឋមន្ត្រី អត់មានទម្លាប់ទាស់គ្នា គ្រួសារនេះអត់មានទម្លាប់ទាស់គ្នាទេ»។
សម្តេចតេជោ លើកឡើងថា ចៅរបស់សម្តេចពេលនេះមានចំនួនសរុប២២នាក់ ហើយមានតែនរណាម្នាក់ក្នុងចំណោមនោះជាអ្នកដឹកនាំ ក៏អាចគ្រប់គ្រងចៅទាំង២២នាក់នោះបានដែរ។ សម្តេចបានរំលឹកថា ក្នុងចំណោមចៅទាំងនោះ កូនរបស់កូនរបស់សម្តេចមួយណាក៏ដោយ ឱ្យតែមានមួយដឹកនាំ។ សម្តេចបានអះអាងថា សូម្បីតែកូនស្រីពៅរបស់សម្តេច ក៏ក្មួយៗរបស់គាត់ពេលដែលឪពុកម្តាយគេទៅក្រៅប្រទេស ក៏នាំគ្នាប្រមូលផ្តុំមកជុំជិតស្និទ្ធស្នាល។
«ត្រកូលហ៊ុន អត់ចេះទាល់គ្នាទេ សូមផ្តាំទៅត្រឡប់ទៅវិញ ធ្វើម៉េចឱ្យតែអ្នកឯងត្រូវគ្នាទៅបានហើយ អត់ចាំបាច់មកប្រដៅគណបក្សប្រជាជនទេ ហើយក៏មិនចាំបាច់មកប្រដៅគ្រួសារខ្ញុំដែរ រៀបចំគ្រួសារអ្នកឯងឱ្យល្អទៅ បើគ្រួសារខ្ញុំមិនកើត មិនមែនគ្រួសារខ្ញុំអាចមានសុខដុមរមនារហូតដល់ពេលនេះ បើសិនជាគ្រួសារមួយមិនអាចត្រួតត្រាបាន តើយើងទៅត្រួតប្រទេសម្តេចកើត?»។ នេះជាការបញ្ជាក់បន្ថែមរបស់ សម្តេចតេជោ។
សម្តេចតេជោ បានអះអាងថា ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា គឺចេះរស់នៅជាមួយគ្នា ដោយមិនរង្គោះរង្គើ រយៈពេលជាង៤០ឆ្នាំមកហើយ។ សម្តេចទទួលស្គាល់ថា កន្លងទៅធ្លាប់បញ្ហាខ្លះ ដែលលើកមកជជែកគ្នា ហើយនោះគ្រាន់តែជាប្រជាធិបតេយ្យផ្ទៃក្នុងបក្សប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន បានរិះគន់ក្រុមប្រឆាំងដែលបែកបាក់ដោយសារតែមានក្បាលម៉ាស៊ីននយោបាយ២ផ្សេងគ្នា មានគំនិតផ្សេងគ្នា ហើយឱ្យតែមានបញ្ហាជាមួយគ្នាបន្តិចបន្តួច គឺវាយប្រហារគ្នាតាមបណ្តាញសង្គម ដែលធ្វើឱ្យរលំរលាយដូចសព្វថ្ងៃ៕