(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ស៉ឹម ស៊ូយេង អនុប្រធានប្រតិបត្តិ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ទទួលបន្ទុកបេសកកម្មសាលារៀន បានថ្លែងថា លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធាន អនុប្រធានក្រុមប្រឹក្សាភិបាល តែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការសុខមាលភាពរបស់ប្រជាពលរដ្ឋ។ និយាយជារួម និងនិយាយដោយឡែក លោកទាំងពីរបានយកចិត្តទុកដាក់ ចំពោះសុខមាលសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី។
ក្នុងឱកាស TYDA បេសកកម្មសាលារៀន ចុះព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្ស វិទ្យាល័យឬស្សីកែវ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោកវេជ្ជបណ្ឌិត ស៉ីម ស៊ូយេង បានបន្ថែមទៀតថា ការថែទាំសុខភាពបឋម និងសុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ដែលតម្រូវឱ្យមានចូលរួមទាំងអស់គ្នា ព្រោះនៅពេលដែលសុខភាពមាត់ធ្មេញរឹងមាំ សុខភាពទូទៅកាន់តែល្អប្រសើរ ហើយរាង្គកាយរឹងមាំ នោះសិស្សានុសិស្សមករៀនសូត្រ បានទៀងទាត់ ដែលនឹងឱ្យលទ្ធផលសិក្សាបានល្អ។
លោកវេជ្ជបណ្ឌិត ក៏បញ្ជាក់ថា រហូតមកដល់សព្វថ្ងៃនេះ TYDA មានអាយុ១០ឆ្នាំហើយ ដោយមានសមាជិកជាង ៨ពាន់នាក់ ហើយក្នុងរយៈពេល១០ឆ្នាំនេះ TYDA បានព្យាបាលជំងឺទូទាំងប្រទេសបានជាង ៣៥ម៉ឺននាក់ ហើយអ្នកជំងឺធ្ងន់ធ្ងរចំនួនជាង ៦ពាន់នាក់ ត្រូវបានសមាគមបញ្ចូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូរសហការនានា ក្នុងនោះអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៥៨នាក់ បានបញ្ចូនមក និង វះកាត់ដោយជោគជ័យផងដែរ។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌឬស្សីកែវ បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលខិតខំស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋទាំងអស់គ្នា។ ដោយសារ បានចាក់វ៉ាក់សាំងគ្រប់គ្នាៗនេះហើយ ទើបពលរដ្ឋបានជៀសផុតពីកូវីដ១៩ ដែលផ្តល់ឱកាសឱ្យបានជួបជុំគ្នាដោយផ្ទាល់ឡើងវិញ ក៏ដូចជាសិស្សានុសិស្ស បានត្រលប់មកសិស្សាវិញ ដែលខុសពីរយៈពេលកាល២ឆ្នាំមុន ដែលជំងឺកូវីដ១៩។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងដូសជំរុញ តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល។ លោក ឯក ឃុនឌឿន ក៏បានផ្ដល់ដំបូន្មានឱ្យសិស្សានុសិ្សយកចិត្តទុកដាក់ថែទាំសុខភាពផ្ទាល់ខ្លួន និងខិតខំរៀនសូត្រឱ្យបានពូកែជាឆ្ងាយពីអំពើអបាយមុខផ្សេងៗ ដើម្បីក្លាយខ្លួនជាកូនល្អសិស្សល្អនិងប្រជាពលរដ្ឋល្អ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។
លោកអភិបាលខណ្ឌ បានថ្លែងអំណរគុណ លោក ហ៊ុន ម៉ាណែត និង លោកស្រី ពេជ ចន្ទមុន្នី ដែលបានបញ្ជូនក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA ព្យាបាល និងអប់រំសុខភាពមាត់ធ្មេញសិស្សានុសិស្សវិទ្យាល័យឬស្សីកែវ និងថ្លែងអំណរគុណយុវជនសមាគម អ.ម.ត យុវជនសសយក សប្បុរសជន លោក លោកស្រី មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងផ្នែកដែលពាក់ព័ន្ធ ដែលបានចូលរួមសហការ រៀបចំកម្មវិធីពិនិត្យជំងឺនាថ្ងៃនេះ។
សូមបញ្ជាក់ថា ក្រុមការងារនិងកម្លាំងស្ម័គ្រចិត្តនៃសមាគម TYDA ចំនួន៨៧នាក់ បានចុះពិនិត្យព្យាបាលជំងឺមាត់ធ្មេញ ជំងឺទូទៅ និងអប់រំ សុខភាពមាត់ធ្មេញ-សុខភាពទូទៅ ជូនសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យឬស្សីកែវ ក្រោមវត្តមាន លោក ឯក ឃុនឌឿន មន្ត្រីសាលាខណ្ឌ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រី និងសិស្សានុសិស្ស និងអាណាព្យាបាលសរុប៤០០នាក់ និងបាននាំយកមកជាមួយនូវកញ្ចប់ឃីតសម្រាប់សិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលផងដែរ ក្នុងនោះមានសៀវភៅរូបសម្តេច ចំនួន ០២ក្បាល ប៊ិច ចំនួន ០២ដើម ជែលលាងដៃ ០៥ដប ម៉ាស ចំនួន ២០ម៉ាស ច្រាសដុសធ្មេញ ០១ និងជូនវិទ្យាល័យឬស្សីកែវ ជែលលាងដៃ ចំនួន១២០ដបធំ និងម៉ាស ចំនួន៥០០០ម៉ាស៕