(សៀមរាប)៖ ប្រកាសនៅចំពោះប្រជាពលរដ្ឋជិត ៣ពាន់គ្រួសារ ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រគល់បណ្ណសមធម៌ (បណ្ណក្រីក្រប្រភេទ១) ជូនដល់ប្រជាពលរដ្ឋទាំងអស់ដែលមករស់នៅភូមិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមិនចាំបាច់គិតពីស្ថានភាពជីវភាព។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាដល់ក្រសួងសង្គមកិច្ច និងក្រសួងផែនការរៀបចំកិច្ចការនេះឱ្យបានលឿនបំផុត ខណៈពលរដ្ឋដែលត្រូវផ្លាស់ទីលំនៅមកនៅភូមិរុនតាឯកនេះ មានជិត៨ពាន់គ្រួសារ។
បន្ថែមពីលើការសម្រេចផ្តល់បណ្ណសមធម៌ក្រីក្រប្រភេទ១នេះ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ការឧបត្ថម្ភដំណាក់កាលដំបូងសម្រាប់ពលរដ្ឋមករស់នៅរុនតាឯក រួមមាន៖ មីមួយកេសធំ ត្រីខមួយកេសធំ ស្មោះ ១០០កំប៉ុង អង្ករ ៥០គីឡូក្រាម ស័ង្កសី ៣០សន្លឹក តង់ ៤ម៉ែត្រ គុណ ៦ម៉ែត្រ ចំនួន១ ឃីតមួយកញ្ចប់ (មុង ខ្នើយ ភួយ សារុង កន្ទេល) និងថវិកា ១លាន ៤សែន សម្រាប់មួយគ្រួសារ។
ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចយ៉ាងដូច្នេះថា៖ «ខ្ញុំត្រូវដោះស្រាយជាកញ្ចប់គោលនយោបាយ បងប្អូនទាំងអស់ដែលស្ម័គ្រចិត្តរើចេញពីតំបន់ចេញពីតំបន់រស់នៅចាស់ មកនៅតំបន់រុនតាឯក តំបន់ដទៃទៀត ក្រៅពីរមណីយដ្ឋានអង្គរ នឹងទទួលបណ្ណសមធម៌ក្រីក្រប្រភេទ១ ទាំងអស់គ្នា បណ្ណក្រីក្រមាន ២ប្រភេទ អញ្ចឹងកុំឱ្យក្រសួងផែនការចុះទៅវាយតម្លៃថាគ្រួសារណាក្រីក្រប្រភេទ១ ឬក្រីក្រប្រភេទ២ ខ្ញុំសម្រេចចិត្តថ្ងៃនេះ ប្រគល់ជូនបងប្អូនទាំងអស់ ទាំងមុន ទាំងក្រោយប្រភេទ១ទាំងអស់»។
ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានកាន់បណ្ណក្រីក្រប្រភេទទី២ ដែលបានរុះរើមករស់នៅតំបន់រុនតាឯក ត្រូវប្តូរយកបណ្ណសមធម៌ (បណ្ឌក្រីក្រប្រភេទ១) ទាំងអស់គ្នា ខណៈចំណូលដែលទទួលបានពីបណ្ណក្រីក្រប្រភេទ១ នឹងក្លាយជាផ្នែកមួយជួយគាំទ្រដល់ដល់ការលំបាករបស់ប្រជាពលរដ្ឋបានមួយកម្រិត។
ជុំវិញការប្រកាសសម្រេចផ្តល់បណ្ណក្រីក្រប្រភេទ១ ដល់ប្រជាពលរដ្ឋដែលមករស់នៅតំបន់រុនតាឯកនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ធ្ងន់ៗថា «ខ្ញុំត្រូវមានការទទួលខុសត្រូវ សម្រាប់ប្រជាពលរដ្ឋរបស់ខ្លួន ដែលបានស្ម័គ្រចិត្តមករស់នៅតំបន់រុនតាឯកនេះ បើទោះបីជាពេលវេលានេះមិនទាន់ឱ្យបងប្អូនចេញមកទេ ព្រោះដីមិនទាន់ធ្វើរួច តែបងប្អូនត្រូវចាប់ទទួលយកពីថ្ងៃទី១នេះតទៅ អ្នកដែលមិនទាន់មានបណ្ណក៏ត្រូវទទួលដែរ»។
ទន្ទឹមនឹងនេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ត្រូវរៀបចំបន្ថែមថវិកាជូនដល់ប្រជាពលរដ្ឋដែលមានបណ្ណក្រីក្រប្រភេទ២ ដែលត្រូវបានប្តូរបណ្ណក្រីក្រប្រភេទ១ ដោយឡែកសម្រាប់ប្រជាពលរដ្ឋដែលមិនទាន់មានបណ្ណត្រូវប្រញាប់ធ្វើជូនពួកគាត់ឱ្យបានឆាប់រហ័សបំផុត ដោយមិនចាំបាច់ចុះវាយតម្លៃនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានចំណាយប្រមាណ៨០០លានដុល្លាររួចហើយ សម្រាប់ឧបត្ថម្ភប្រជាពលរដ្ឋនៅទូទាំងប្រទេស ចាប់តាំងពីថ្ងៃទី២៥ ខែមិថុនា ២០២០ រហូតដល់ ២៤ ខែកញ្ញា ឆ្នាំ២០២២។ ដូច្នេះ សម្រាប់ប្រជាពលរដ្ឋ ២,៨៥៣គ្រួសារ នៅរុនតាឯក អាចចិញ្ចឹមបាន។ បើទោះបីជា១ម៉ឺនគ្រួសារទៀត ក៏រាជរដ្ឋាភិបាលចិញ្ចឹមបានដែរ ព្រោះរាជរដ្ឋាភិបាលបាននិងកំពុងចិញ្ចឹមប្រជាពលរដ្ឋជាង ៧០ម៉ឺនគ្រួសាររួចមកហើយ៕