(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ បានថ្លែងថា សម្តេចមិនខ្វល់នឹងអ្នកព្រុសរឿងកាន់អំណាចរបស់សម្តេចនោះទេ ដែលការថ្លែងពាក្យធ្ងន់ៗរបស់សម្តេចបែបនេះ ធ្វើឡើងបន្ទាប់ពីក្រុមប្រឆាំងនៅតែបន្តប្រើពាក្យរិះគន់សម្តេចដដែលៗ រឿងកាន់តំណែងជានាយករដ្ឋមន្ត្រីដ៏យូរអង្វែងមួយរូប។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅ ភូមិធម្មជាតិរុនតាឯក សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា កម្ពុជា មិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «ចង់អ្នកណាថាអីថាទៅ។ អ្នកឯងព្រុសតាមចិត្តចុះ។ ពាក្យថាព្រុសហើយគេមិនដែលហៅថាមនុស្សទេ។ ព្រុសកាន់តែខ្លាំង ដំណើរការកាន់តែលឿនប្រាប់អ្នកឯងឲ្យច្បាស់។ អ្នកឯងរអ៊ូថា ហ៊ុន សែន កាន់អំណាចយូរណាស់។ ចុះបើ ហ៊ុន សែន ដើរចេញហើយប្រគល់ឲ្យកូនធ្វើ វាមានទាស់ក្បាលអ្នកឯងអី។ ប្រជាជនអ្នកបោះឆ្នោតទេតើ»។
សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងកាន់តំណែងជានាយករដ្ឋមន្ត្រី ជិត៤០ឆ្នាំហើយ។ សម្តេចតេជោ បានទទួលការបោះឆ្នោតគាំទ្រ ឲ្យក្លាយជានាយករដ្ឋមន្ត្រីទាំងវ័យក្មេង តាំងអាយុ ៣២ឆ្នាំមកម្ល៉េះ ហើយធ្លាប់ទទួលតំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស កាលពីអាយុ ២៧ឆ្នាំផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បញ្ជាក់ថា សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ខាងមុននេះ គឺសម្តេចនៅតែស្ថិតក្នុងឋានៈជាបេក្ខជននាយករដ្ឋមន្ត្រី ចំពោះការផ្លាស់ប្តូរមេដឹកនាំនៅពេលណានោះ គឺជារឿងក្រោយការបោះឆ្នោត។ ចំពោះតំណែងជានាយករដ្ឋមន្ត្រីនេះ សម្តេចធ្វើរហូតដល់លែងចង់ធ្វើ ហើយចំពោះការត្រៀមមនុស្សបន្តវេន ជារឿងធម្មតាសម្រាប់ជំនាន់ក្រោយ។
សូមជម្រាបថា ប្រទេសកម្ពុជា គឺជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលអ្នកដឹកនាំប្រទេសត្រូវកើតចេញពីការបោះឆ្នោតរបស់ប្រជាជន។ ផ្ទុយទៅវិញ ប្រទេសកុម្មុញនីស្ត ដូចកូរ៉េខាងជើង គឺមេដឹកនាំត្រូវបានជ្រើសរើសតាមរយៈ សែស្រឡាញតែប៉ុណ្ណោះ។
ជាក់ស្តែង លោក គីម ចុងអ៊ុន ដែលបច្ចុប្បន្ន គឺជាមេដឹកនាំកូរ៉េខាងជើងដ៏មានឥទ្ធិពលមួយរូប ត្រូវបានឪពុកប្រគល់តំណែងជាមេដឹកនាំជាន់ខ្ពស់ នៅឆ្នាំ២០១១។ លោក គីម ចុងអ៊ុន គឺជាកូនប្រុសរបស់លោក គីម ចុងអ៉ីល និងជាចៅរបស់លោក គីម អ៉ីលសុង ដែលជាអតីតមេដឹកនាំកូរ៉េខាងជើង។
ប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងដែរថា ការរៀបចំលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត របស់គណបក្សប្រជាជនកម្ពុជា គឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះ «កូនរបស់ខ្ញុំក៏ជាប្រជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិ (ឈរឈ្មោះឲ្យគេបោះឆ្នោត) ដែរ»។
លោកបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ នៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ បោះឆ្នោតគាំទ្រជាបេក្ខភាពនាយករដ្ឋ មន្ត្រីសម្រាប់ពេលអនាគត។ ការជាប់ឆ្នោតក្នុងបក្សនេះ បានធ្វើឱ្យមានការអបអរសាទរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ប្រជាពលរដ្ឋដែលគាំទ្រគណបក្សប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ២ដំណាក់ ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រី ដោយក្នុងនោះត្រូវការសន្លឹកឆ្នោតពីពលរដ្ឋដើម្បីក្លាយទៅជាតំណាងរាស្រ្ត ហើយដំណាក់កាលមួយទៀត បើសិនជា លោក ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ ធ្វើជានាយករដ្ឋមន្ត្រី គឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីទៅសុំការទុកចិត្តពីរដ្ឋសភា៕