(សៀមរាប)៖ ថ្លែងចេញពីទឹកដីអង្គរ នៃខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំពិធីបុណ្យថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប១០ឆ្នាំ នៃការសោយទិវង្គត និងខួប១០០ឆ្នាំ នៃការប្រសូតរបស់ព្រះអង្គ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ ជិត៣ពាន់គ្រួសារបន្ថែមទៀតនោះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមពិធីបុណ្យដ៏ធំមួយនេះឲ្យបានគ្រប់ៗគ្នា ដើម្បីរលឹកដល់សម្ដេច នរោត្តម សីហនុ អតីតព្រះមហាវរក្សត្ររបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងទាំងអស់គ្នាត្រូវរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះអង្គ នៅថ្ងៃទី១៥ ខែតុលាខាងមុខនេះ។ ថ្ងៃទី១៥ រៀងរាល់ឆ្នាំយើងតែងយកមួយថ្ងៃ ដើម្បីគោរពវិញ្ញាណក្ខន្ធចំពោះអតីតព្រះមហាក្សត្ររបស់យើង ឆ្នាំនេះគឺជាខួបលើកទី១០ នៃការសោយទិវង្គត់របស់ព្រះអង្គផង និងជាខួបទី១០០ឆ្នាំ នៃការដែលព្រះអង្គប្រសូត្រផង ដូច្នេះថ្ងៃទី១៥ខាងមុខនេះ ប្រជាពលរដ្ឋរបស់យើងក៏នឹងត្រូវចូលរួមជាមួយប​ុណ្យនោះផងដែរ។ ម្ខាងបុណ្យ ព្រះអង្គសោយទិវង្គត់ ម្ខាងព្រះប្រសូត្រខួប១០០ឆ្នាំតែម្ដង»

សូមរំលឹកថា ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ទ្រង់យាងសោយព្រះទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ០១៖២០នាទីយប់ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា។

ព្រះបរមសពរបស់ព្រះអង្គ ត្រូវបានដង្ហែមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ និងបានតម្កល់រយៈពេល ៩០ថ្ងៃ នៅក្នុងព្រះបរមរាជវាំង ដើម្បីឲ្យព្រះរាជវង្សានុវង្ស មន្រ្តីរាជការ ប្រជារាស្រ្តខ្មែរ និងមន្រ្តីអង្គទូត ព្រមទាំងមេដឹកនាំបណ្តាប្រទេសជាមិត្ត ចូលសម្តែងព្រះរាជមរណទុក្ខ និងគោរពព្រះវិញ្ញាណក្ខន្ធ។

ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ, រាជរដ្ឋាភិបាលនៃកម្ពុជា បានយកថ្ងៃទី១៥ ខែតុលា ជាថ្ងៃកាន់បុណ្យជាតិ និងជាថ្ងៃកាន់មរណទុក្ខរបស់ប្រជាពលរដ្ឋខ្មែរទាំងមូល។

ស្នាព្រះហស្ថធំៗ ដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅតែចងចាំជាប់មិនអាចបំភ្លេចបាននោះ គឺការយាងបំពេញព្រះរាជបូជនីយកិច្ច យ៉ាងអង់អាចក្លាហានក្នុងការទាមទារ និងដណ្តើមសិទ្ធិសេរីភាព ជូនប្រជាពលរដ្ឋខ្មែរ ពីនឹមអនាគមបារាំងរហូតទទួលបានជោគជ័យនៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣។

ក្រោយការទាមទារឯករាជ្យពីបារាំង បានជោគជ័យហើយនោះ ការបំពេញព្រះរាជកិច្ចដឹកនាំប្រទេស ក្នុងសម័យសង្គមរាស្ត្រនិយម (១៩៥៣-១៩៧០) ក៏បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្ញប់ស្ញែង និងចងចាំមិនអាចបំភ្លេចបានឡើយចំពោះភាពរីកចម្រើន និងលិចធ្លោររបស់ជាតិកម្ពុជា។

ក្រោមការដឹកនាំរបស់ព្រះមហាវីរក្សត្រព្រះបាទ នរោត្ដម សីហនុ ជាព្រះប្រមុខរដ្ឋរបបសង្គមរាស្ត្រនិយម កម្ពុជាត្រូវបានគេចាត់ទុកថាជា «គុជអាស៊ី» ដោយសារមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចព្រះបរមរតនកោដ្ឋ ត្រូវបានប្រជារាស្ត្រខ្មែរទាំងមូល ចាត់ទុកជាអង្គព្រះមហាក្សត្រ និងជាមហាវីរក្សត្រខ្មែរ ដែលបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណពេញមួយព្រះជន្មរបស់ព្រះអង្គ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជារាស្រ្តរបស់ព្រះអង្គ។

គំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងការទាមទារឯករាជ្យពីបារាំង និងស្នាព្រះហស្ថដឹកនាំកសាងសង្គមកម្ពុជា ក្នុងសម័យសង្គមរាស្ត្រនិយមឲ្យល្បីរន្ទឺនៅអាស៊ីនោះហើយ ជាការសាងនូវភាពល្បីល្បាញ និងអន្ទងដួងចិត្ត និងបេះដូងរាស្ត្រខ្មែរនៅតែនឹករឭក និងចងចាំគ្មានថ្ងៃបំភ្លេច ដូចពាក្យសុភាសិតខ្មែរមួយឃ្លា បានពោលថា «ទូកទៅ កំពង់នៅ»។ បើទោះបីព្រះកាយរបស់ព្រះអង្គ បានរសាត់បាត់ពីភពផែនដី តែព្រះកិត្តិនាមរបស់ព្រះអង្គ នៅតែបន្តក្រអូបឆ្ងុយឆ្ងប់ក្រាលគ្រប លើផែនពសុធានៃរដ្ឋកម្ពុជា៕